ប្រភព៖lookingtoday
តើអ្នកដែលធ្លាប់ឆ្ងល់ទេថា យុវវ័យមួយចំនួនតែងតែ ចំណាយលុយយ៉ាងខ្ជះខ្ជាយ សម្រាប់ការសប្បាយរបស់ពួកគេ។ ហើយមួយចំនួនមានប្រើប្រាស់ កាតក្រេឌីតជំនួយដោយការ ឲ្យលុយដែលខ្លួនមាន ដែលការចំណាយទាំងអស់នេះ មិនមានភាពសមរម្យ និងខ្វះការរបៀបក្នុងការគ្រប់គ្រងលុយ។
ពេលខ្លះពួកគេមិនបានចំណាយលុយ ទៅតាមប្រាក់ចំណូលរបស់ពួកគេនោះទេ ដែលបញ្ហាទាំងអស់នេះអាចធ្វើឪ្យមនុស្សម្នាក់ៗ ឈានដល់ការជំពាក់ បំណុលគេ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ ដែលនឹងអាចកើតឡើងលើរូបអ្នក ខ្លួនអ្នកផ្ទាល់គួរតែធ្វើតាមការណែនាំ ពីវិធីគ្រប់លុយដូចខាងក្រោម ៖
១-ទិញរបស់ដែលប្រើប្រាស់រួច
វិធីមួយដែលមានប្រសិទ្ឋភាព បំផុតក្នុងការគ្រប់គ្រងលុយ សម្រាប់យុវវ័យគឺត្រូវទិញ និងប្រើប្រាស់របស់ណា ដែលមានតំលៃថោក ឬក៍របស់ដែល ប្រើប្រាស់រួច (របស់ជជុស)។ ប្រសិនជាចង់ទិញ ម៉ូតូ ទូរសព្ទ័ដៃ គ្រឿងសង្ហារឹម ឬក៍របស់ថ្លៃមួយចំនួនទៀត អ្នកគួរតែធ្វើការពិចារណាទៅ លើរបស់ដែលប្រើប្រាស់រួច ពីព្រោះវាមានតំលៃថោកខ្លាំង ជាងរបស់ដែលថ្មី។ ប្រសិនជាយើងរលេកមើល នៅទីក្រុងភ្នំពេញសព្វថ្ងៃ មានហាងលក់របស់របបជជុស ជាច្រើនរួមទាំងរថយន្តនិងសម្លៀកបំពាក់។
២-បង្កើតគណនីធនាគារ សម្រាប់ប្រើប្រាស់ពេលមានបញ្ហា
បង្កើតគណនីធនាគារ ប្រើប្រាស់សម្រាប់ពេលចាំបាច់ គឺវាពិតជាមានសារៈសំខាន់ខ្លាំង ជាពិសេសនៅពេលដែលអ្នកគ្មាន ភាពច្បាស់លាស់ក្នុងការប្រើប្រាស់ លុយឪ្យបានត្រឹមត្រូវ។ បញ្ជូលលុយមួយចំនួនទៅក្នុងគណនី បន្ទាប់ពីសល់ពីការប្រើប្រាស់ ប្រចាំខែ។ ប៉ុន្តែត្រូវឪ្យប្រាកដថា គណនីទាំងអស់នោះ នឹងត្រូវប្រើប្រាស់នៅពេលដែលចាំបាច់បំផុត ឧទាហរណ៍នៅពេលមានជំងឺ និងមានគ្រោះថ្នាក់ជាដើម។ លុយក៍អាចប្រើប្រាស់ម្តងម្កាលដែរ ដូចជាបើកជំនួញរកស៊ីជាដើម។
៣-បង្កើតគណនីសន្សំផ្ទាល់ខ្លួន
វាមិនសំខាន់ទេក្នុងការជ្រើសរើស ធនាគារណាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវបង្កើត គណនីសន្សំផ្ទាល់ខ្លួមមួយ ដើម្បីទទួលបានការប្រាក់ខ្លះ។ អ្នកមិនត្រូវទុកលុយនៅក្នុងទូ ឬការបូបចោលទទេៗនោះទេ តែត្រូវឪ្យលុយរបស់អ្នកធ្វើការ ដោយបញ្ចូលលុយមួយចំនួនជារៀងរាល់ខែចូលទៅក្នុងគណនីសន្សំ ដូច្នេះ អ្នកនឹងទទួលបានការប្រាក់ ដែលបានកំណត់។ ចំនួនលុយកាន់តែច្រើន ដែលអ្នកបញ្ចូល ការប្រាក់កាន់តែច្រើនអ្នកនឹងទទួលបាន។
៤- រកចំណូលបន្ថែម
ក្នុងភាពជាយុវវ័យ អ្នកត្រូវចេះស្វែងរកវិធីផ្សេងៗ ដើម្បីសែ្វងរកចំណូល បន្ថែមសម្រាប់ផ្គត់ផ្គង់ លើការចំណាយប្រចាំខែ ជាជាងរកចាំតែលុយ ដែលឪពុកម្តាយផ្តល់ឪ្យ។ ប្រសិនជាអ្នកមានជំនាញអ្វីមួយ ដូចជាជំនាញសរសេរ និងជំនាញព័ត៌មានវិជ្ជា អ្នកអាចធ្វើការបង្កើតជាគេហទំព័រ ឬក៍ប្លុកផ្សេងៗ ដើម្បីរកចំណូលពីជំនាញទាំងអស់នេះ។ តាមការសង្កេត យុវវ័យមួយចំនួនមានប្លុកផ្ទាល់ខ្លួន ដែលជាកន្លែងសម្រាប់ពួកគេសរសេរអ្វីៗ ដែលពួកគេចង់សរសេរ ហើយការសរសេរ និងបង្ហោះនេះទៀតសោត វាមិនអត់ប្រយោជន៍នោះទេ ពោលគឺអាចរកលុយបានមួយចំនួនតូចផងដែរ៕