Friday, September 27, 2013

ប្រភព៖CEN
ភ្នំពេញ: ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ SL ដែល​មាន​ទីតាំង​តាម​ផ្លូវ​លេខ ៣៧១ ក្នុង​ខណ្ឌ​មានជ័យ បានដើរ​ហែ​ក្បួន​ជាថ្មី នៅ​ព្រឹក​ថ្ងៃទី​២៧​កញ្ញា​នេះ ក្នុង​បំណង​ទៅកាន់​ផ្ទះ​សម្តេច​ហ៊ុន​សែន នៅ​ជិត​វិមានឯករាជ្យ ដើម្បី​ដាក់​ញត្តិ​។ ប៉ុន្តែ​មក​ដល់​ក្បាលថ្នល់ ចំណុច​ច្រមុះជ្រូក ក្បួន​កម្មករ ត្រូវបាន​សមត្ថកិច្ច​រារាំង​។ មានតែ​តំណាង​កម្មករ ៣០ នាក់​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ញត្តិ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ ​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ SL ស្វែងរក​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន ដើម្បី​ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ និង​ការទាមទារ​បញ្ឈប់​ប្រធាន​រដ្ឋបាល​រោងចក្រ ព្រមទាំង​ជម្លោះ​ថ្មីៗ ដែល​កើត​ជា​ហិង្សា ក្នុង​រោងចក្រ កាលពី​សប្តាហ៍​មុន​។ លោក អាត់ ធន់ ប្រធានសហជីពកម្មករ ស៊ីខាវឌូ បានបញ្ជាក់ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​រារាំង​​កម្មករ​នៅ​ក្បាល​ថ្នល់ នាព្រឹកមិញ ស្ទើរតែ​កើត​ជម្លោះ​ហិង្សា​ធ្ងន់ធ្ង​រ​ទៅ​​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​ចរចា​ត្រូវ​រ៉ូវគ្នា ទើប​ក្រុម​កម្មករ​កាត់ដេរ​រាប់​រយ​នា​ក់ បាន​សម្រេច​ចិត្ត​រំសាយ​ទៅវិញ ដោយឲ្យតំណាងតែ ៣០ នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ជិត​វិមាន​ឯករាជ្យ។ លោក​​ អាត់ ធន់ បន្តថា​ ក្នុងញត្តិនោះ ក្រុមកម្មករ នៅតែ​ទទូច​ស្នើ​សុំ​ដល់​សម្តេច​ហ៊ុន​សែន អន្តរាគមន៍ ដកលោក មាស សុថា ប្រធានរដ្ឋបាលរោងចក្រកាត់ដេរ SL រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ ចេញ​ពី​រោងចក្រ​កាត់ដេរ ព្រមទាំង​ទាមទារ​ឲ្យ​រោងចក្រ ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ ក្នុង​អំឡុង​ពេល​កូដកម្ម​តវ៉ា តាម​ការ​សម្រេច ក្រោយ​ពី​កិច្ច​ចរចា សម្រប​សម្រួល​​រវាង​តំណាង​រោងចក្រ​កាត់ដេរ សហជីព​កម្មករ និង​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មុន៕




កម្មករ​​រោង​ចក្រ​កាត់ដេរ SL ហែ​ក្បួន ស្វែងរក​​អន្តរាគមន៍​​ពី​សម្តេច​ហ៊ុន​សែន