Thursday, September 19, 2013

បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់ ជាប់គ្នាអស់រយៈពេលបីថ្ងៃ មានខ្យល់ផង កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំពី២០១៣ វេលាម៉ោង៣ និង៣០នាទីទាបភ្លឺ បានធ្វើឲ្យដើមច័ន្ទគីរី មួយដើមដ៏ធំ បានដួលរលំបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋ អស់ចំនួន ២ខ្នង នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តែសំណាងល្អហេតុការណ៍នោះ មិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។
លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំង ២គ្រួសាររួមមាន ១- ឈ្មោះ សូរូ ភេត ភេទប្រុស អាយុ៦៥ឆ្នាំ មានមនុស្សរស់ក្នុងបន្ទុកចំនួន ០៩នាក់ ស្រី ០៣នាក់ ជាម្ចាស់ផ្ទះឈើប្រក់ស័ង្គសី ទំហំ ១០គុណ៨ម៉ែត្រ ផ្ទះរបស់គាត់បានបាក់ពាក់កណ្តាល ដោយសារដើមចន្ទ័គីរីរលំលើ។ ២- ឈ្មោះ តឹល ញ៉ាច ភេទប្រុស អាយុ៧២ឆ្នាំ មានមនុស្ស ក្នុងបន្ទុកគ្រួសារចំនួន ០៣នាក់ ស្រី២នាក់ ជាម្ចាស់ផ្ទះឈើប្រក់ស័ង្គសី ទំហំ៨គុណ៨ម៉ែត្រ រងការខូចខាតអស់មួយកំណាត់មុខ។
ប្រភពពីជនរងគ្រោះទាំង ០២គ្រួសារ បាននិយាយថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ពេលពួកគាក់កំពុងតែលង់លក់ ជាមួយដំណេក ស្រាប់តែឮសូរប្រ៉ាវ ហើយផ្ទះរបស់គាត់ក៏បានបាក់ភ្លាម ពេលពួកគាត់ងើបពីដេក ទើបដឹងថាដើមចន្ទ័គីរីនៅក្បែរផ្ទះរលំ តែសំណាងណាស់ ដែលពួកគាត់គ្មាននរណាររងរបួស និងស្លាប់បាត់បង់ជីវិតក្នុងហេតុការនោះ។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះគេបានឃើញវត្តមានលោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំពលនគរបាល មួយក្រុម ក្រោមឱវាទចុះសួរសុខទុក្ខ និងបាននាំយកអំណោយទឹកស៊ីអ៊ីវ មី ទឹកសុទ្ធ ទៅចែកជូនជនរងគ្រោះទាំង ០២គ្រួសារផងដែរ៕



ប្រភពអត្ថបទ៖ដើមអំពិល

បន្ទាយ​មាន​ជ័យ៖ភ្លៀងធ្លាក់ជាប់គ្នា​ បីថ្ងៃ ធ្វើឲ្យដើមចន្ទ័គីរី រលំបាក់សង្កត់ផ្ទះអស់ ០២ខ្នង សំណាងគ្មាន អ្នកបាត់បង់ជីវិត