អ្នកស្រី អង្គារ៉ា
អ្នកគ្រប់គ្រងហាងនំអប្សរា បានឲ្យដឹងថា
តាមប្រពៃណីចិនគឺមានការទិញនំង៉ូវយីងជាអំណោយជូនគ្នាទៅវិញទៅ
មក និងសម្រាប់សែនព្រេន
ជាដើម ដោយហេតុនេះហើយ ក៏មានការចាប់អារម្មណ៍
និងការកុម្ម៉ង់នំផលិតជាពិសេស
ដែលមានតម្លៃថ្លៃដល់ជាង១៨៨ដុល្លារ
ជាជំនូនជូនដល់លោកអ្នកមានគុណជាដើម។
លក្ខណៈសម្បត្តិនៃនំដែលមានតម្លៃខ្ពស់នេះ
គឺប្រើគ្រឿងផ្សំសុទ្ធគុណភាពលេខមួយ យកចូលមកពីហាងក្រៅប្រទេស
គួបផ្សំការប្រើប្រាស់ពេលវេលាច្រើន និងភាពផ្ចិតផ្ចង់
ពិសេសបំផុតគឺប្រអប់ដាក់នំដែលមានតម្លៃថ្លៃ
នាំចូលពីក្រៅប្រទេសដែលមានចម្លាក់រូបនាគរាជ និងរូបសេះ
ធ្វើឲ្យទាំងរសជាតិ និងសោភ័ណភាពពិតជាស័ក្ដិសមនឹងតម្លៃ។យ៉ាងណា គិតមកដល់ត្រឹមថ្ងៃម្សិលមិញនេះ នំង៉ូវយីងដែលមានតម្លៃថ្លៃនេះ ហាងលោកស្រីបានឈប់ទទួលផលិតហើយ ទោះមានការកុម្ម៉ង់ក៏ដោយ ដើម្បីយកពេលមកដំណើរការលក់នំវិញ។
លោកស្រីបាននិយាយថា ហាងលោកស្រីក៏មានផលិតនំច្រើនប្រភេទច្រើនតម្លៃ កាន់តែពិសេសឆ្នាំនេះ ហាងលោកស្រីក៏បានផលិតនំង៉ូវយីងដែលមានតម្លៃថោកត្រឹម១៦០០០រៀល ក្នុងមួយប្រអប់ ខុសពីឆ្នាំមុនដែលតម្លៃទាបបំផុតគឺ២២០០០រៀលក្នុងមួយប្រអប់ សម្រាប់ចែកចាយទៅកាន់បណ្ដាខេត្តតាមរយៈការស្នើរបស់ដេប៉ូចែកចាយ កន្លងមក។
សែនលោកខែ ប្រពៃណីចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហាស្អែកនេះ។ ដោយកាន់តែកៀកមកដល់បុណ្យប្រពៃណីសែនលោកខែចិន នៅបណ្ដោយផ្លូវទេពផន ជិតផ្សារអូរឫស្សី មានហាងនំជាច្រើនបានដាក់ស្តង់លក់ ហើយក៏មានប្រជាជនខ្មែរសែស្រឡាយចិន បានចូលទិញយ៉ាងច្រើនកកកុញផងដែរ។
លោក កុក ឡុង គ្រូទាយ ចិនសែ បានដំណាលរឿងព្រេងឲ្យដឹងពីដើមកំណើតនៃបុណ្យលោកខែនេះថា នៅសម័យយាន ដោយសារតែមានជនជាតិភាគតិចមួយក្រុមបានឡើងកាន់កាប់អំណាច ហើយធ្វើបាបជិះជាន់ប្រជាជនចិនជាខ្លាំង។ ដោយមើលឃើញការជិះជាន់បែបនេះ មេបះបោរម្នាក់ឈ្មោះ ជូ យានចាង បានប្រើប្រាស់ឧបាយកល ដោយដាក់សារប្រឆាំងរាជការក្នុងនំសែនលោកខែ នាថ្ងៃពេញបូណ៌មី ខែ៨ ពេលនោះប្រជាជនបានបះបោរឡើងប្រឆាំងរហូតបានជោគជ័យ។
មេបះបោរបានឡើងធ្វើជាស្ដេច ដូរឈ្មោះទៅជារាជការថាងវិញ ដូច្នេះរៀងរាល់ថ្ងៃពេញបូណ៌មី ខែ៨ គឺប្រជាជនតែងតែប្រារព្ធបុណ្យសែនលោកខែនេះតៗមក។ រឿងមួយទៀតពាក់ព័ន្ធនឹងសែនលោកខែនេះ ស្ដេចថាង បានមើលឃើញទេពអប្សរនៅក្នុងលោកខែផងដែរ ទើបកើតមានការសែនព្រេននេះឡើងមក៕
ប្រភពអត្ថបទពី៖សប្បាយ