មុននេះបន្តិច កញ្ញា សន នាងផល្លីកា តារាចម្រៀងរបស់ផលិតកម្មប៊ិកមែនត្រូវបានសារព័ត៌មានក្នុងស្រុកមួយចេញផ្សាយថា នាងបានរស់នៅក្រោមដំបូលផ្ទះជាមួយVJ រតនា ពិធីកររបស់ស្ថានីយទូរទស្សន៍Mytv ។
សារព័ត៌មានដដែលនោះបានរាយការណ៍ថា កញ្ញា សន នាងផល្លីកា និងVJ រតនា ទៅណាមកណាបណ្ដើរគ្នាយ៉ាងស្អិតល្មួត ស្ទើរជារឿងរាល់ថ្ងៃ មិនថាទៅញាំអី ឬទៅចូលរួមកម្មវិធីអ្វីនោះឡើយ អ្វីដែលពិសេសនោះអ្នកទាំងពីរបានថែមទាំងរស់នៅដំបូលផ្ទះជាមួយគ្នា ដោយមិនបានរៀបអាពាហ៍ពិពាហ៍ថែមទៀតផង។
ទោះមានការលើកឡើយបែបនេះសារព័ត៌មានដដែលមិនបានជួបសម្ភាសផ្ទាល់ជាមួយនឹង កញ្ញា សន នាងផល្លីកា និង លោក ធីណារ៉ាក់ រតនា ហៅ VJ រតនា នោះឡើយ ដោយសារតែទូរស័ព្ទរបស់អ្នកទាំងពីរCall ចូលមិនមានអ្នកទទួល។
ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ កញ្ញា សន នាងផល្លីកា បានឲ្យដឹងថា នាងមិនបានរស់នៅក្នុងដំបូលផ្ទះជាមួយ VJ រតនា នោះឡើយ នាងចាត់ទុកថា ការលើកឡើងដូចដែលសារព័ត៌មានមួយចោទប្រកាន់នាងនោះ គឺជារឿងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនាងប៉ុណ្ណោះ។
នាងផល្លីកាលើកឡើងថា ខ្លួននាងជាមនុស្សស្រីមានម្ដាយឪពុកត្រឹមត្រូវ រឿងអីនាងត្រូវទៅរស់នៅជាមួយប្រុសឈ្មោលដោយមិនឆ្លងកាត់ការរៀប អាពាហ៍ពិពាហ៍នោះ។ នាងចាត់ទុកថា ការចេញផ្សាយបែបនេះ ជាចេតនាធ្វើឲ្យប៉ះពាល់កិត្តិយសនាង និងក្រុមគ្រួសារនាងខ្លាំងណាស់ ហេតុនេះនាងសូមស្នើឲ្យសារព័ត៌មានដែលចេញផ្សាយនោះ មេត្តាជួយកែតម្រូវឡើងវិញផង។
កញ្ញា សន នាងផល្លីកា ទទួលស្គាល់ថា នាងនិងVJ រតនាពិតជាស្រលាញ់គ្នាពិតប្រាកដមែន ហើយការស្រលាញ់គ្នានោះ គឺជាការស្រលាញ់ស្មោះ មិនមែនជាការលេងសើចនោះឡើយ។ នាងប្រាប់ថា VJ រតនាបានសន្យាជាមួយនាងថា និងចូលរោងជ័យជាមួយគ្នាក្នុងពេលខាងមុននេះ តែនាងមិនទាន់ចង់រៀបការឆាប់ៗពេកនោះទេ ព្រោះចង់រកប្រាក់សល់ច្រើនសិន និងចង់ប្រឡូកសិល្បៈឲ្យច្រើនជាងនេះសិន៕
___________________
ប្រភអត្ថបទ៖សប្បាយ