Thursday, September 19, 2013

ទើប​តែ​បក​ស្រាយ​រឿង​គេ​កាត់​​ត​រូប​ថត​អាស​អាភាស​​ជាមួយ​នឹង​នារី​ៗ​​ ស្រស់​ស្អាត​មិន​ទាន់​នឹង​បាត់​​ឈឺ​ក្បាល​វិល​មុខ​ផង​ ស្រាប់​​តែ​នៅ​ពេល​នេះ ​នារី​ម្នាក់​បាន​ចេញ​មុខ​មក​​អះ​អាង​​ថា ពិធី​ករ​ដែល​ពោរ​ពេញ​ដោយ​សំនួន​វោហារ​​របស់​ស៊ីធីអិន​លោក សាយ រតនៈ គឺ​ជា​ព្រាន​នារី ដែល​បាន​រួម​រស់​ជា​នាង​ជា​សង្សារ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​នាង​ផ្ទៃ​ពោះ​ទៀត​នោះ ចុង​ក្រោយ​បែរ​ជា​លោក សាយ រតនៈ បោះ​បង់​រូប​ខ្លួន​ស្រវ៉ា​ស្រី​ថ្មី​ទៅ​វិញ​។ ប៉ុន្តែ​ការ​អះ​អាង​របស់​នារី​អនា​មិក​ម្នាក់​នោះ ត្រូវ​បាន​លោក រតនៈ និយាយ​ក្នុង​នាម​ជា​អ្នក​កាន់​ធម៌​ព្រះ​ពុទ្ធ​ថា នោះ​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ទាំង​ស្រុង​។
ការ​សរ​សេរ​បក​អាក្រាត​​រឿង​រ៉ាវ​ជីវិត​ដ៏​អាម៉ាស​របស់​ពិធី​ករ​វ័យ​ ក្មេង​រូប​សង្ហា​លោក សាយ រតនៈ ជា​សាធារណៈ​ធ្វើ​ឲ្យ​រំជួល​ដល់​ប្រិយ​មិត្ត​ក្នុង​ហ្វេស​ប៊ុក​នោះ​ត្រូវ​បាន ​ធ្វើ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ ដែល​មាន​គណ​នេយ្យ​​ឈ្មោះ​ សាយ រតនៈ (​Say Ratanak) ។ តែ​គណ​នេយ្យ​ហ្វេស​ប៊ុក​នោះ​ត្រូវ​បាន​ពិធី​ករ​វ័យ​ក្មេង សាយ រតនៈ បញ្ជាក់​ថា ជា​គណ​នេយ្យ​ក្លែង​ក្លាយ​ប៉ុណ្ណោះ គណ​នេយ្យ​ហ្វេស​ប៊ុក​ពិត​របស់​លោក គឺ Say Rattanak (សាយ រតនៈ) ។
នៅ​លើ​គណ​នេយ្យ​​​ក្លែង​ក្លាយ​ដែល​អ្នក​សរ​សេរ​ ត្រូវ​គេ​ដឹង​ថា​ជា​នារី​ម្នាក់​នោះ​បាន​សរ​សេរ​លាត​ត្រដាង​យ៉ាង​ឈឺ​ចាប់​​ មិន​ខ្លាច​អាម៉ាស់​ខ្លួន​ឯង​ថា៖«​អាឆែ្ក សាយ រតនៈ ខ្ញុំ​សិក្សា​នៅ​សាលា NUM ជិត​វត្ត​ភ្នំ គេ​បាន​ទាក់​ទង​ខ្ញុំ​ជា​សង្សារ​រហូត​បាន​ប្រាណ​ខ្ញុំ គ្មាន​សល់​រយៈ​ពេល​១​ឆ្នាំ ខ្ញុំ​មាន​កូន​ជាមួយ​គេ គេ​ឲ្យ​ខ្ញុំ​​ទម្លាក់​កូន​ចោល ហើយ​មាន​ស្រី​ថ្មី។ ខ្ញុំ​គេ​បោះ​បង់​ចោល កូន​ក៏​ទម្លាក់ ជីវិត​ខ្ញុំ​​គ្មាន​​ន័យ​ទៀត​ទេ រស់​​ដូច​ស្លាប់ ការ​ស្បថ​ស្បែ និង​ការ​លួង​លោម​គេ ពិត​ជា​នឹក​ស្មាន​មិន​ដល់​សោះ ខ្ញុំ​ស្តាយ​ក្រោយ​ណាស់ ស្លាប់​កូន​ម្នាក់​ទៀត​ដោយ​សារ​​តាម​គេ​ ស្រលាញ់​គេ​ពេក គេ​រៀប​ការ​ជាមួយ​អ្នក​ដទៃ ចោល​ខ្ញុំ ឈឺ​ចាប់​បំផុត​សម្រាប់​ខ្ញុំ what should I do with my life ? កាត់​ត​រូប​ថត​គេ​ហត់​នឿយ​ណាស់​រាប់​ម៉ោង តែ​ចង់​ឲ្យ​ពិភព​លោក​ដឹង​ថា គេ​ជា​មនុស្ស បោះ​បង់​ខ្ញុំ​ចោល រស់​គ្មាន​ន័យ​ទេ ស្តាយ​ក្រោយ​ណាស់ សូម​ជួយឲ្យ​យោ​បល់​ផង បង បង»។
ការ​បក​អាក្រាត​របស់​នារី​ម្នាក់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជា​រឿង​ក្លាហាន​មួយ​ដែល​នាង​ហ៊ាន​​ដើរ​កាត់​ កេរ្តិ៍​កាត់​ខ្មាស​ក្នុង​នាម​ជា​ស្រី​ស្ថិត​ក្នុង​វ័យ​សិក្សា​ម្នាក់ ចេញ​មុខ​មក​បក​អាក្រាត​បុរស​ម្នាក់​ដែល​ផ្អែម​តែ​សម្តី តែ​ចិត្ត​អប្រិយ​មិន​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ខ្លួន​ឯង​នោះ។ តែ​យ៉ាង​ណា​ទស្ស​និក​ជន​មួយ​ចំនួន​ក៏​មិន​ទាន់​ជឿ​នូវ​សម្តី​នារី​អាណា​មិក​ ម្នាក់​នេះ​នៅ​ឡើយ​ ខណៈ​ដែល​គណ​នេយ្យ​ហ្វេស​ប៊ុក​នោះ​មិន​បាន​បង្ហាញ​រូប​ថត​របស់​នាង តែ​បែរ​ជា​ដាក់​រូប​ថត​របស់​ពិធី​ករ​លោក រតនៈ ទៅ​វិញ​។ គេ​ជឿ​ថា នោះ​អាច​ជា​ករណី​ដែល​​អ្នក​ណា​ម្នាក់​មាន​បំណង​មួល​បង្កាច់​កេរ្តិ៍​ឈ្មោះ ឬ​ក៏​កិត្តិ​យស​របស់​លោក រតនៈ ​ខណៈ​មុន​នេះ​ការ​វាយ​ប្រហារ​តាម​រយៈ​ការ​កាត់​ត​រូប​ថត​របស់​ពិធី​ករ​រូប​ នេះ​ត្រូវ​បាន​គេ​ធ្វើ​ម្តង​រួច​មក​ហើយ​នោះ​។
គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​កាល​ពី​ប្រមាណ​២​សប្តាហ៍​មុន ពិធី​ករ​នៅ​ក្នុង​កម្ម​វិធី «​រាត្រី​កម្សាន្ត» លោក សាយ រតនៈ ត្រូវ​បាន​គេ​កាត់​ត​រូប​ថត​បែប​អាស​អាភាស​របស់​លោក​ជា​ច្រើន​សន្លឹក​បង្ហោះ ​នៅ​លើ​ហ្វេស​ប៊ុក​​ផង​ដែរ ដែល​ពេល​​នោះ​លោក សាយ រតនៈ ក៏​បាន​ចេញ​មុខ​​បក​ស្រាយ​ម្តង​រួច​មក​ហើយ​ តែ​មិន​ទាន់​នឹង​ស្ងប់​ស្ងាត់​ស្រួល​បួល​ផង​ រឿង​ថ្មី​ដ៏​អាក្រក់​នេះ​ក៏​បាន​កើត​ឡើង​​ជា​ថ្មី​ម្តង​ទៀត​។
ពាក់​ព័ន្ធ​នឹង​ការ​​វាយ​ប្រហារ​លើ​បណ្តាញ​សង្គម​នេះ ពិធី​ករ​ដែល​កំពុង​រុំ​គួន​ដោយ​រឿង​អាស្រូវ​ស្នេហ៍​ សាយ រតនៈ បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​មួល​បង្កាច់​បង្ខូច​កិត្តិ​យស កេរ្តិ៍​ឈ្មោះ​របស់​លោក​​ទាំង​ស្រុង ខណៈ​រូប​លោក​មិន​ដែល​ជាប់​ពាក់​ព័ន្ធ ឬ​ស្គាល់​និស្សិត​ស្រី​ណា​ម្នាក់​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ឬ​ NUM នោះ​ទេ តែ​លោក​ចាប់​អារម្មណ៍​ថា មនុស្ស​ដែល​មាន​បំណង​បំបាក់​កិត្តិ​យស​របស់​លោក​នោះ​មិន​មែន​មនុស្ស​ស្រី​ ឡើយ ពោល​គឺ​ជា​មនុស្ស​ប្រុស​ក្លែង​ធ្វើ​ស្រី​។
តារា​ដែល​អះ​អាង​ថា ខ្លួន​ជា​អ្នក​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​ធម៌​ព្រះ​ពុទ្ធ រូប​នេះ​បាន​និយាយ​ថា៖​«​ខ្ញុំ​សូម​អះ​អាង​ថា នោះ​ជា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ទាំង​អស់ ខ្ញុំ​អត់​ដែល​ទាក់​ទង​និស្សិត​ស្រី​នៅ Num ណា​ម្នាក់​ទេ។ ខ្ញុំ​ជា​អ្នក​មាន​ធម៌​ព្រះ​ក្នុង​ខ្លួន​ម្នាក់ ខ្ញុំ​ហ៊ាន​អះ​អាង​ថា អ្នក​ធ្វើ​រឿង​នេះ​គឺ​ជា​មនុស្ស​ប្រុស តែ​ក្លែង​ធ្វើ​ស្រី ហើយ​គេ​ចាប់​ផ្តើម​វាយ​ប្រហារ​ខ្ញុំ​នៅ​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៩»។
លោក​បាន​បញ្ជាក់​ថា៖​«​ការ​មួល​បង្កាច់​កិត្តិ​យស​ខ្ញុំ​របស់​ជន​នោះ គឺ​អាច​មាន​កត្តា​ពីរ ទី​១ គឺ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ គឺ​គេ​ប្រហែល​ជា​ខឹង​នឹង​ការ​អធិប្បាយ​របស់​ខ្ញុំ​នៅ​លើ​ទូរ​ទស្សន៍​ពាក់​ ព័ន្ធ​នឹង​នយោ​បាយ​តិច​តួច ហើយ​ទី​២​គឺ​ ការ​ច្រណែន​ឈ្នានីស​នៅ​ក្នុង​ការ​ងារ ដូច​ជា​​វិស័យ​សិល្បៈ​ជា​ដើម តែ​ខ្ញុំ​អត់​ដែល​មាន​បញ្ហា​ប៉ះ​ពាល់​លើស​លុះ​ជាមួយ​នឹង​អ្នក​ណា​ម្នាក់​ឡើយ ដូច្នេះ​ហើយ​សូម​កុំ​មាន​ការ​យល់​ច្រឡំ​​»។
ជាថ្មី​ម្តង​ទៀត ពិធី​ករ​ដៃ​គូ​ជីជី និង គង់ វង្ស​យ៉ាទី លោក សាយ រតនៈ នៅ​តែ​អះ​អាង​ថា ខ្លួន​មិន​ធ្វើ​រឿង​អាក្រក់​ហួស​និស្ស័យ​ដូច​គេ​សរ​សេរ​លើ​ហ្វេស​ប៊ុក​ឡើយ ដោយ​និយាយ​ថា៖​«​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ខ្ញុំ​នោះ គេ​អត់​បាន​ស្គាល់​ខ្ញុំ​ច្បាស់​ទេ​ថា ខ្ញុំ​ជា​អ្នក​ណា មក​ពី​ណា រៀន​អ្វី​ធ្វើ​អ្វី​នោះ គឺ​ចេះ​តែ​សរ​សេរ​ប៉ាត​ណា​ប៉ាត​ណី ហើយ​ថា​ខ្ញុំ​រៀប​​ការ​ប្រពន្ធ គឺ​គេ​ច្រឡំ​ទាំង​ស្រុង​នៅ​ពេល​ខ្ញុំ​ថត​រូប​បង្ហោះ​នៅ​ពេល​ថត​រឿង​ជាមួយ​ កែវ នីសា កាល​ពី​ពេល​ថ្មី​ៗ​នេះ​»។
ធម៌​ខន្តី​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដូច្នេះ​ហើយ​បាន​ជា​​ពិធី​ករ​ដ៏​មាន​ប្រ​ជា​ប្រិយ​ជំនាន់​ក្រោយ​រូប​នេះ​បាន ​ឲ្យ​ដឹង​ថា រូប​លោក​មិន​ទាន់​មាន​វិធាន​ការ​អ្វី​លើ​ការ​ប្រមាថ​ដ៏​ធ្ងន់​ធ្ងរ​នេះ​ទេ តែ​លោក​សុំ​ព្រមាន​ថា បើ​សិន​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ​នៅ​តែ​បន្ត​រូប​លោក​នឹង​ធ្វើ​ទៅ​តាម​ និតិ​វិធី​នៃ​ច្បាប់។
ជា​ចុង​ក្រោយ សាយ រតនៈ បាន​និយាយ​ថា៖​«​សម្រាប់​រឿង​នេះ ខ្ញុំ​សូម​ឲ្យ​ទស្ស​និក​ជន​ទាំង​អស់​មាន​ការ​យល់​យោគ និង​យល់​ថា រូប​ខ្ញុំ​​មិន​មែន​មនុស្ស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​រឿង​កាម​គុណ​បែប​នេះ​ទេ ដូច្នេះ​សុំ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទៀត​»៕


ប្រភពអត្ថបទ៖PostKhmer

សាយ រតនៈ បក​ស្រាយ​ការ​ចោទ​ប្រកាន់​របស់​និស្សិត​ស្រី​ម្នាក់​ថា​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ រួច​បោះ​បង់​ខ្លួន​ចោល