កំណើននៃអ្នកជម្លៀសខ្លួនដោយសារភ្នំភ្លើងបានកើនឡើងដល់ជិត៦០០០ នាក់ ដើម្បីចេញផុតពីកាំរង្វង់នៃឥទ្ធិពលភ្នំភ្លើងទៅកាន់កន្លែងមាន សុវត្ថិភាព ដោយខ្លះត្រូវពាក់ម៉ាស់ការពារផ្សែង ខណៈនៅថ្ងៃទី១៥ កញ្ញា មានមនុស្សត្រឹមជាង៣.០០០នាក់នោះ ។
ភ្នំភ្លើង Sinabung ស្ថិតនៅស្រុកការ៉ូ ខេត្តស៊ូម៉ាត្រាខាងជើង បានផ្ទុះនាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កញ្ញា ដោយបញ្ចេញផេះ និងកម្តៅជះលើភូមិទាំងឡាយដែលនៅជុំវិញ ហើយការជម្លៀសមនុស្សចេញក្នុងរង្វង់៣គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះក៏បានធ្វើឡើងតាមរថយន្តប៉ូលិស និងអាជ្ញាធរមូលដ្ឋាន។
លោក Asren Nasution ប្រធាននៃទីភ្នាក់ងារគ្រោះមហន្តរាយស៊ូម៉ាត្រាខាងជើងបានប្រាប់អាអេ ហ្វប៉េថា មនុស្សទាំងអស់មានសុវត្ថិភាព តែត្រូវប្រុងប្រយ័ត្នព្រោះវាអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា ឬក៏វាអាចផ្ទុះម្តងទៀត។ គេមិនអាចទស្សន៍ទាយបានឡើយ។
កាលពីខែមុនមានមនុស្សចំនួន៦នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់បានភៀសខ្លួន នៅពេលភ្នំភ្លើង Rokatenda Palue នៅលើកោះនេះនៅខេត្ត East Nusa Tenggara បានផ្ទុះឡើងព្រួសផេះកម្ពស់ 2,000 ម៉ែត្រទៅក្នុងខ្យល់លើមេឃ។
ក្នុងឆ្នាំ 2010 នៅពេលដែលភ្នំភ្លើង Sinabung ផ្ទុះឡើងនោះមនុស្ស 12,000 នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ចំណែកបន្ទុះភ្នំភ្លើងសកម្មបំផុតរបស់ឥណ្ឌូនេស៊ីឈ្មោះថា Merapi បានសម្លាប់មនុស្ស 350 នាក់នៅក្នុងឆ្នាំ 2010 នេះ៕
ប្រភពអត្ថបទពី៖វាលឥន្ទ្រី