យោងតាមគេហទំព័រអគ្គស្នងការនគរបាល ជាតិផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា នាងក្រមុំម្នាក់ដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិថ្មីៗនេះស្រាប់ តែបាត់ដំណឹងឈឹងរយៈពេល៤ថ្ងៃមកហើយខណៈពេលចេញពីផ្ទះដោយនិយាយ ប្រាប់ម្តាយថាទៅដកសញ្ញាបត្រនិងទៅ ផ្តិតរូបថតដើម្បីបញ្ជាក់សញ្ញាបត្រ នេះបើតាមការដឹងពីឪពុកម្តាយ របស់នាងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅនឹងផ្ទះអ្នកជិតខាងស្ថិតក្នុងភូមិ គោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក ឃួន អៀម អាយុ៤២ឆ្នាំ នៅភូមិគោកព្នៅ ឃុំបន្ទាយនាង ដែលត្រូវជាឪពុក និងឈ្មោះ លឹម ណារិន អាយុ៤២ឆ្នាំត្រូវជាម្តាយរបស់នាងដែលបានបាត់ខ្លួននោះបាននិយាយ ប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នេះថា កូនស្រីរបស់គាត់ឈ្មោះ អ៊ឹម រស្មី អាយុ១៨ឆ្នាំទើបតែប្រឡងជាប់សញ្ញាបត្រទុតិយភូមិកន្លងទៅថ្មីៗនេះ។
មុនពេលនាងបាត់ខ្លួននៅវេលាម៉ោង៩ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នាងបាននិយាយទៅកាន់ពួកគាត់ថាទៅដកយកសញ្ញាបត្របណ្តោះអាសន្នពីសាលា និងទៅបញ្ជាក់សញ្ញាបត្រនៅសាលាខេត្តបន្ទាយមានជ័យដើម្បីដាក់ពាក្យ ប្រឡងគ្រូដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥សេរី២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ1B.4065។ ប៉ុន្តែចាប់ពីនាងចេញពីផ្ទះពីព្រឹក រហូតដល់ម៉ោង៥ល្ងាចមិនឃើញនាងត្រឡប់មកផ្ទះវិញសោះទើបពួកគាត់ នាំគ្នាដើររករួមទាំងអ្នកជិតខាងផងដែររហូតមកទល់ពេលនេះមានរយៈពេល ៤ថ្ងៃ៣យប់មកហើយនៅតែរកមិនឃើញនាង និងនាងត្រឡប់មកផ្ទះវិញទាល់តែ សោះមិនដឹងជានាងទៅទីណានោះទេ។
លោក ឃួន អៀម ជាឪពុកបានបញ្ជាក់ប្រាប់ទៀតថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ កូនស្រីរបស់គាត់បានតេទូរស័ព្ទមកប្រាប់ថាឲ្យវេរលុយតាមវីង ចំនួន១០ដុល្លាដោយនិយាយថានាងបានការងារនៅធ្វើខេត្តសៀមរាបពេលនោះ ដោយពួកគាត់ និងឪពុកមាព្រមទាំងនគរបាលប៉ុស្តិ៍ជួយដើររកដល់ស្រុក ក្រឡាញ់រវល់តែរកកន្លែងដើម្បីវេរលុយស្រាប់តែនាងនិយាយថាយូរណាស់ ក៏បិទទូរស័ព្ទដៃទៅ។នៅល្ងាចថ្ងៃដដែលនោះដែរមានគេអ្នកស្គាល់បាន ឃើញកូនស្រីរបស់គាត់បានជិះម៉ូតូជាមួយមនុស្សម្នាក់នៅទីរួមខេត្ត សៀមរាបប៉ុន្តែបើនិយាយទំនាក់ទំនងជាមួយនាងគឺនាងមិននិយាយច្រើនទេ បានតែ២មាត់នាងបិទទូរស័ព្ទ។
លោក ឃួន អៀម បាន បន្តថា ការជួបនោះកូនស្រីរបស់គាត់បាននិយាយថាធ្វើការងារ មួយកន្លែងដោយមិនបញ្ជាក់ទីកន្លែងណានោះទេនៅខេត្តសៀមរាបនោះដោយ គ្រាន់តែនាងនិយាយថានៅខាងគណនេយ្យបូកសរុបលុយតែបើមិត្តនាងនៅ ភ្នំពេញតេជួបនាងមានមនុស្សនិយាយជំនួសថានាងជាអ្នកដើរចាក់សោ បន្ទប់ទៅវិញ។
ទាក់ទងនឹងការបាត់កូនស្រីនេះលោក ឃួន អៀម និងអ្នកស្រី លឹម ណារិន ក៏ដូចជាជីតានិងជីដូនរបស់នាងរស្មីបានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាកូនឬចៅនៅខេត្តសៀមរាបមែនពួកគាត់ចង់ជួបឲ្យដឹងថាតើកូន មានការងារធ្វើ និងមានសេចក្តីសុខសាន្តឬយ៉ាងណាតែប៉ុណ្ណឹងពួកគាត់ អស់ចិត្តហើយតែប្រសិនបើកូនមានមិត្តភក្តិប្រុសរហូតដល់ជ្រុសជ្រួស ក៏ពួកគាត់មិនស្តីបន្ទោសដែរគឺសុំឲ្យកូននាំគេមកឪម៉ែនិងលោតា លោកយាយរៀបចំផ្សំផ្គុំរៀបការឲ្យសមតាមប្រពៃណី។ដូចកូនបានដឹងហើយ សព្វថ្ងៃនេះម្តាយរបស់កូនគាត់មានជំងឺប្រចាំកាយរាល់យប់គាត់ដេក យំដោយនឹកកូនព្រោះកូនគឺជាកូនស្រីតែម្នាក់គត់របស់ឪពុកចំណែក លោកតាលោកយាយក៏នឹកកូនខ្លាំងណាស់ដែរ។បើកូនបានឮបានដឹងហើយសូមកូន វិលត្រឡប់មកផ្ទះវិញមកឪពុកម្តាយរង់ចាំមើលតែផ្លូវកូនគ្រប់វិនាទី ណាកូនណា៕
ប្រភពអត្ថបទ ៖វាលឥន្ទ្រី