Thursday, September 19, 2013

ប្រភព ៖ Lookingtoday

ភ្នំពេញ៖ តាមប្រតិទិននៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះជាថ្ងៃ១រោច ខែភទ្របទ ឆ្នាំម្សាញ់ ត្រូវនិងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៣ ហើយត្រូវកាលវេលាឈានមកដល់ នៃពិធីបុណ្យព្រះពុទ្ធសាសនា ដែលត្រូវបានប្រជាពលរដ្ឋ ខ្មែរគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួន គឺ «ពិធីបុណ្យកាន់បិណ្ឌ»។
តើអ្វីទៅជាពិធីបុណ្យកាន់បិណ្ឌ?
បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិក និកាយថេរវាទនៅប្រទេសកម្ពុជា ហើយបុណ្យនេះមិនមានធ្វើនៅប្រទេស ដែលគោរពរាប់អានព្រះពុទ្ធសាសនាថេរវាទដទៃ ដូចជាប្រទេសថៃ ឬ ភូមា ឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុងវិន័យបញ្ញត្តិ។
បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង ១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែ  កញ្ញា ) ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល ១៥ថៃ្ងគត់។
ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល ១៤ថៃ្ង ចាប់ពី ថៃ្ង ១រោចដល់ថៃ្ង ១៤រោច ខែភទ្របទ ហើយឲ្យឈ្មោះថា «វេណទី១….វេណទី១៤» ។ រយៈពេល១៤ថៃ្ងនេះ ឲ្យ ឈ្មោះថា «បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ» ។ ចំណែកថ្ងៃ ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេណទាំងអស់ បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឲ្យឈ្មោះថា «ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ»។
បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១. ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ ដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ ជោគជាំខ្លាំង នាំឲ្យមានការលំបាកសម្រាប់ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ។ ហេតុនេះបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើង ដើម្បីសម្រាលដល់ជីវភាព របស់អ្នកបួសក្នុងព្រះពុទ្ធសាសនា។
២. ដើម្បីសន្សំកុសល ឬសេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុង នៃប្រជាជាតិទាំងមូលផងដែរ។
គេជឿថាពិធីបុណ្យនេះ អាចរួមចំណែកដ៏សំខាន់ និងយ៉ាងសាមញ្ញក្នុងការស្វែងរក ភាពចុះសម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ និងពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តអារាមជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណា ដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និងតួនាទីការងារ ប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យ អាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ ជាអ្នកសម្របសម្រួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ  ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេលវេលា ជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើក្នុងរយៈពេលដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួន ដូចជាបុណ្យបំបួសកុលបុត្រជាដើម ដែលគេអាចធ្វើនៅពេលណាក៏បាន។
៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ។
ឯកសារនានាក្នុងព្រះពុទ្ធសាសនាឲ្យដឹងថា បុណ្យនេះត្រូវបានធ្វើឡើង តាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា «បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបម្រុងបច្ច័យបួនចំពោះព្រះសង្ឃ» ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះ មាននាងវិសាខា និងមហាសេដ្ឋី ឈ្មោះអនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់ គឺនៅក្នុងអំឡុងពេលព្រះសង្ឃកំពុងគង់ចាំវស្សា។
នៅប្រទេសកម្ពុជា គេមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីសម័យណាមកទេ ប៉ុន្តែគេអាចឃើញមាន ការលេចចេញជារូបរាងពេញលេញ ជាផ្លូវការនៃបុណ្យនេះ ធ្វើឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង  ព.ស ២៣៩១-២៤០៤ គ.ស ១៨៤៨-១៨៥ (រាជពង្សាវតាកម្ពុជា)៕


ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ