នៅថ្ងៃស្អែកនេះ នឹងមានការបង្ហាញបវរកញ្ញាពិភពលោកឆ្នាំ២០១៣ចេញពីបេក្ខនារី១០នាក់ ចុងក្រោយនៅចំពោះមុខទូរទស្សនិកជនរាប់លាននាក់ដែលរង់ចាំមើលការប្រឡង វគ្គផ្តាច់ព្រាត់បវរកញ្ញាពិភពលោកឆ្នាំ២០១៣។
តែពិធីប្រឡង ដ៏ស្រស់បំព្រងនេះត្រូវបាននិងកំពុងស្ថិតក្រោមកំហឹងរបស់ពួក អ៊ីស្លាមនិយមជ្រុល។ពួកអ្នកប្រឆាំងតវ៉ាបានគំរាមវាយប្រហារពិធី ដែលពួកគេហៅថា"អាសគ្រាម"និង"ការប្រឡងស្រីសំផឹង"។
ស្ថានទូតអាមេរិកនៅក្រុងហ្សាការតាបានព្រមានថា"ក្រុមនិយមជ្រុល ជាច្រើនអាចផានផែនការបង្អាក់រំខានការប្រឡងបវរកញ្ញាពិភពលោក... ដែលអាចតាមរយៈវិធីហិង្សា"។
ចលនាប្រឆាំងកាន់តែកើនឡើង បណ្តាលអោយរដ្ឋាភិបាលបញ្ជាអោយរើពិធីនេះទាំងមូលទៅកាន់កោះបាលី ដែលមានអ្នកកាន់សាសនាហិណ្ឌូភាគច្រើន និងកន្លែងដែលឥទ្ធិពលរបស់ពួកជ្រុលនិយមមានតិចតួច។
ពីដំបូងការប្រកួតតែប៉ុន្មានវគ្គទេដែលគ្រោងធ្វើនៅលើកោះនេះ ដោយវគ្គក្រោយៗនិងការប្រកួតផ្តាច់ព្រាត់នៅថ្ងៃ២៨កញ្ញាត្រូវបាន គ្រោងធ្វើនៅក្នុងនិងជិតរដ្ឋធានី ហ្សាការតា។
តែពួកប្រកាន់តឹងខ្លះមិនអស់ចិត្តហើយឥឡូវប្តេជ្ញាថាពួកគេធ្វើដំណើរទៅកោះបាលីដើម្បីប្រឆាំងតវ៉ា។
ហៃដា អាល់-ហាមីដ ប្រធានក្រុមរណសិរ្សអ្នកការពារអ៊ីស្លាមនៅខេត្តអ៊ីសចាវ៉ា បានប្រាប់កាសែតJakarta Globeថា"យើងនឹងប្រឆាំងវាជាថ្មី ពីព្រោះវាមិនអាចទទួលយកបាន"។
លោកបាននិយាយថាក្រុមរបស់លោក មានផែនការធ្វើដំណើរទៅកាន់កោះនេះនៅថ្ងៃសៅរ៍ តែពួកគេនឹងជួបពេលវេលាដ៏លំបាកដោយសារមានការយាមកាមក្រាស់ក្រែល។
តែទោះជាយ៉ាងណា អាដជេ អេស សូអេរ៉ាតម៉ាដជី មន្ត្រីនៅក្រុមហ៊ុនផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះ បានប្រាប់កាសែតថា"យើងមានជំនឿថាប៉ូលិសនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាព"៕