ភ្នំពេញ៖ សពបុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតទឹក បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគគីរ លោក ព្រំ សំណាង បានឲ្យដឹងថា សពត្រូវបាន ប្រជាពលរដ្ឋ ដែលរាយមង តាមមាត់ទឹក បានប្រទះឃើញ ហើយក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ។ លោកនាយនគរបាលប៉ុស្តិ៍ បន្តថាសព ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។
លោក ព្រំ សំណាង បញ្ជាក់ថា សពជាបុរស មានកំពស់ ១,៦០ម៉ែត្រ សក់ខ្លី ស្លៀកខោខ្មៅឆ្នូតស ជើងខ្លីត្រឹមជង្គង់ និងមានសម្បុរស្រអែម ។ ជាមួយ គ្នានេះ លោកនាយប៉ុស្តិ៍ ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងឡាយ ណា ដែលបាត់សមាជិកគ្រួសារ របស់ខ្លួន សូមមកទំនាក់ ទំនងនៅវត្តបទុម សុត្ថា ឃុំគគីរ ព្រោះសពតម្កល់ទុក នៅ ទីនោះ ដើម្បីរង់ចាំសាច់ញាតិ មកទទួល ។
ពាក់ព័ន្ឋករណីប្រទះឃើញ សពអណ្តែតទឹកនេះ ភូមិទួល ក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ កាលវេលាម៉ោង៦ ល្ងាច ម្សិលមិញនេះ លោក ប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានបញ្ជាក់ថា តាមការធ្វើកោសល្យ វិច័្ចយ ពុំមានឃើញ ស្លាកស្នាមអ្វី ដែលអាចកំណត់ថា មានអំពើឃាតកម្មនោះឡើយ ៕