Tuesday, October 1, 2013

ភ្នំពេញ៖  បន្ទាប់ពីតារាសម្តែងរូបសង្ហា និងជាពិធីករល្បីឈ្មោះ នៅក្នុងកម្មវិធី "រាត្រីកម្សាន្ត" របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សាយ រតនៈ បានចេញមុខបកស្រាយ យ៉ាងច្បាស់ ប្រាប់គេហទំព័រ LookingTODAY នូវរឿងរ៉ាវ ដែលមានជនអនាមិក ម្នាក់បានយករូបរបស់លោក ទៅកាត់តចង់ បង្ខូចកេរ្តិ៍ឈ្មោះ ហើយបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងកម្មវិធីប្រគំតន្ត្រី នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លោក សាយ រតនៈ បានបង្ហើបប្រាប់ឲ្យដឹងថា លោកមានសញ្ញាខ្លះៗហើយ នូវ Account Facebook ដែលយករូបថតរបស់ លោកទៅប្រើប្រាស់ ហើយសរសេរ និងកាត់តរូបភាព ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។
ថ្លែងប្រាប់គេហទំព័រ LookingTODAY លោក សាយ រតនៈ បានបញ្ជាក់ថា "តាមការស្រាវជ្រាវ Account Fake ដែលជនអនាមិកយករូបថតរបស់ខ្ញុំ ទៅដាក់ ហើយថែមទាំងប្រើឈ្មោះ «Say Rattanak»ដូចខ្ញុំនោះ គឺជាមនុស្សប្រុស ហើយគេធ្វើនេះ គឺចង់បង្ខូចគេឈ្មោះខ្ញុំតែម្តង" ។
ពិធីកររូបសង្ហារូបនេះ បានបន្ថែមថា "ឥឡូវនេះខ្ញុំគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកនោះ នៅតែបន្តប្រើប្រាស់ Account Facebook នោះ ហើយបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៀត ។ បច្ចុប្បន្នខ្ញុំកំពុងតែឲ្យមេធាវី ចាត់ចែងចំពោះរឿងនេះ ព្រោះថាការប្រើពាក្យសម្តីមិនល្អ ចង់បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំបែបនេះ ខ្ញុំមិនអាចទទួលយកបានទេ ..!" ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក សាយ រតនៈ កំពុងតែមានសន្ទុះប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ ព្រោះបច្ចុប្បន្នលោកក្តោប បានតំណែងតួឯកជាថ្មីម្តងទៀត តាមរយៈការសម្តែង ខ្សែភាពយន្តមួយ មានចំណងជើងថា "គំនុំស្នេហ៍ចាស់" ដែលសម្តែងជាមួយអ្នកនាង កែវ នីសា ហើយខ្សែភាពយន្តថ្មីនេះ ក៏ត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ខាងមុខនេះផងដែរ ៕



ប្រភព៖Lookintoday

សាយ ​រតនៈ​ គំរាម​ដាក់​ពាក្យប្ដឹង​ អ្នក​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ Facebook