ភាពយន្ត "ព្រាយខ្លា" ជាប្រភេទរឿងរន្ធត់ ដែលឡាយឡំនឹងឈុតឆាកកំប្លែង ជាមួយនឹងតារាល្បីៗជាច្រើន។ រឿងនេះថតឡើងដោយ ប្រើបចេ្ចកទេសខ្ពស់ ដែលមានការកាត់តមុខខ្លា ជាមួយនឹងតួឯកស្រី និងប្លង់ផ្សេងៗ នៅក្នុងព្រៃទាំងអស់។ "ព្រាយខ្លា" ផ្តើមចេញ ពីបងប្អូនភ្លោះពីរនាក់ ដែលត្រូវមន្តអាគមខ្លា ហើយតែងតែប្រែរូបជាខ្លា រៀងរាល់ថ្ងៃពេញបរមី ឬពេលដែលខឹងខ្លាំង។ ក្រោយមកបងប្អួនទាំងពីរ បានជួយសង្រ្គោះបុរសម្នាក់ ដែលជាអ្នកអភិរក្សព្រៃ ឈ្មោះ ភារក្ស។ ដោយសារភាពសង្ហា និងចរិតស្លូតបូតរបស់ភារក្ស បងប្អូនទាំងពីរ ក៏ចាប់ផ្តើមចាប់ចិត្តស្រលាញ់បុរស អភិរក្សព្រៃ។
តើភារក្សត្រូវសំរេចចិត្តយ៉ាងណា? តើវាសនាកូនភ្លោះកំព្រាដ៏សែនកម្សត់ ទៅជាយ៉ាងណា? មានតែចូលរួមតាមដានទាំងអស់គ្នា នៅរោងភាពយន្ត Legend និងរោងភាពយន្ត Platinum Cineplex។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំង ជាសាធារណៈនៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៣នេះតទៅ នៅរោង Legend ដែលមានទីតាំង នៅផ្សារទំនើប City Mall ជាន់ទី៣ និងរោងភាពយន្ត Platinum Cineplex ដែលមានទីតាំងនៅផ្សារទំនើប Sorya ជាន់ទី៥៕