Thursday, September 26, 2013

ប្រភព៖វត្តភ្នំ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នគរបាល ស្រុក​​ឯក​​ភ្នំ​​បាន​​ឃាត់​ខ្លួន បុ​រស​​ម្នាក់​​ជា​​ក​ម្ម​ករ​​សំ​ណង់ បន្ទាប់​ពី​​ស្រ​វឹង​​មក​ដល់​​ផ្ទះ ស្រែក​​ឡូ​ឡា​ហើយ​​ពេល​​ប្រ​ពន្ធ ស្តី​បន្ទោស​​ខ្លាច​​ខ្មាស់​​អ្នក​ស្រុក ក៏​​កើត​ក្តី​​មួរ​​ម៉ៅ និ​យាយ​​ច្រំ​​ដែល​​រក​រឿង វាយ​​ប្រពន្ធ​ ចំនួន ៤ ខ្នងពូថៅ និង​កាប់​មួយ​ពូថៅ ចំ​កណ្តាល​ខ្នង បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់ កាលពី​វេលា​ម៉ោង ៨​និង​៤០ នាទី​យប់​ថ្ងៃទី​២៥ ខែកញ្ញា​ឆ្នាំ​២០១៣ នៅ​ចំណុច​សំបុកចាប ស្ថិតក្នុង​ក្រុមទី​៨ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​ ​
 
ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ជឹម សុខឡី អាយុ ២៥ ឆ្នាំ បន្ទាប់ពី​ត្រូវ​ប្តី​កំណាច វាយ​ជាច្រើន​ខ្នងពូថៅ បាន​ឱប​បីកូន​តូច​រត់​ចេញពីផ្ទះ រក​អ្នក​ឲ្យ​ស្រុក​ជួយ​។ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ញឹម សុខន អាយុ ២៨ ឆ្នាំ​ជា​កម្មករសំណង់ និង​ជា​ប្តី​ជនរងគ្រោះ ដោយ​ដកហូត​វត្ថុតាង បាន​ពូថៅ​ដង​ឈើ​ចំនួន​១​។ ជនសង្ស័យ​ត្រូវ សមត្ថកិច្ច​នគរបាល បញ្ជូន​ទៅកាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី​។​ ​
 
ឈ្មោះ ជឹម សុខឡី បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល ៨ យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ពេល​ប្តី​ត្រឡប់​ពី​ធ្វើ​សំណង់​វិញ មាន​អាកា​រៈ​ស្រវឹង ចូលដល់​ផ្ទះ​ភ្លាម ស្រែក​ឡូឡា​ហើយ​ខ្លួន​បាន​ស្តីបន្ទោស កុំ​ឲ្យ​ឡូឡា​ខ្មាស់​អ្នកស្រុក​។ ពេលនោះ​ប្តី​ខឹង បាន​ទាញ​ពូថៅ​ដង​ឈើ វាយ​ក្បាល​ខ្លួន មួយ​ខ្នងពូថៅ ហើយ​គំរាម​មិន​ឲ្យ​ស្រែក ពេលនោះ​ដោយសារ​ឈឺ​ពេក​នាង​បាន​យំ ហើយ​កូនតូច​អាយុ ១ ឆ្នាំ​ក៏​វា​យំ​ខ្លាំង​ផងដែរ​។​ ​

ភ្លាមនោះ​ប្តី​ក៏​វាយ​ក្បាល​ខ្លួន ចំនួន ៣ ខ្នងពូថៅ​ទៀត ហើយ​សំឡុត​ឲ្យ លួង​កូន​អាយុ​១​ឆ្នាំ​ឲ្យ​ឈប់​យំ ។ តែ​ដោយ​កូន​មិន​បាត់​យំ ប្តី​កំណាច​ក៏បាន​កាប់​ប្រពន្ធ ចំ​កណ្តាល​ខ្នង ១ ពូថៅ​ថែមទៀត រួច​ប្តី​បាន​ទៅ​ងូតទឹក​បាត់​។ ឆ្លៀត​ឱកាសល្អ​ស្ត្រី​ជា​ប្រពន្ធ បាន​បីកូន​ចុះ​ពី​ផ្ទះ ប៉ះ​នឹង​ពូថៅ​មុត​ចំ​ជង្គង់​ខាងឆ្វេង មួយកន្លែង​ទៀត ហើយរ​ត់រក​អ្នកស្រុក ឲ្យ​ជួយ​តែម្តង​។​ ​
 
បុរស​សង្ស័យ បាន​សារភាពថា ពេល​ចប់​ការងារ ខ្លួន​បាន​ទិញ​ស្រាស ២,៥ លីត្រ​ផឹក​ជាមួយ​មិត្ត​ភ័ក្តិ។ ពេល​ផឹក​រួច​ ទៅដល់​ផ្ទះ​ប្រពន្ធ ស្តីបន្ទោស​រករឿង ហើយ​និយាយ​ពាក្យ​ច្រំ​ដែលៗ ច្រើនដង​ពេក ខ្លួន​ខឹង​បាន​ទាញ​ពូថៅ វាយ​ក្បាល​នាង ១ ខ្នងពូថៅ ហើយ​សំឡុត​មិន​ឲ្យ​ស្រែក តែ​នាង​នៅតែ​ស្រែក ក៏​យក​ពូថៅ​វាយ​ក្បាល​ថែម ៣ ខ្នងពូថៅ​ទៀត បន្ទាប់មក​កាប់​នាង​ចំ​ខ្នង ១ ពូថៅ ហើយ​នាង​បាន​បីកូន ទៅផ្ទះ​អ្នកជិតខាង​បាត់​តែម្តង​៕ ​


មកពី​ផឹកស៊ី​ស្រវឹង​ស្រែក​អា​ឡូ​អា​ឡា វាយ​និង​កាប់​ប្រពន្ធ ៥ ពូថៅ​របួសធ្ងន់​