Monday, September 16, 2013

ប្រភព៖ដើមអំពិល

ភ្នំពេញ៖ ពន្លឺនៃការរួបរួម និងឯកភាពគ្នារវាងគណបក្ស នយោបាយទាំងពីរ កាន់តែមានសង្ឃឹមច្រើនហើយ បន្ទាប់ ពីជំនួបលើកទី២ រវាងថ្នាក់ដឹកនាំកំពូលសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ ពោលភាគីកំពុងស្ថិតនៅលើផ្លូវតែមួយ ដើម្បីដោះស្រាយបញ្ហាជាតិធំៗ និងការឆ្ពោះទៅការកែទម្រង់ស្ថា ប័នជាច្រើនរបស់ជាតិ។
នៅចំពោះមុខអ្នកកាសែតលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ក្រោយកិច្ចប្រជុំ ភាគីទាំងពីរកាន់តែខិតជិតគ្នា ប៉ុន្តែត្រូវការពេលវេលាក្នុងរយៈពេល ៥-៦ថ្ងៃទៀត ដើម្បីបន្តចរចា និងពិភាក្សាគ្នា ឈានទៅដល់ការដោះស្រាយបញ្ហាជាតិធំៗ និងការកែទម្រង់ស្ថាប័នជាច្រើនរបស់ជាតិ។
ដោយឡែកលោក ប្រាក់ សុខុន ភាគីគណបក្សប្រជាជន បានបញ្ជាក់ថា បើទោះបីកិច្ចប្រជុំថ្ងៃនេះ មិនបានចេញ សេចក្តីថ្លែងការណ៍រួមដូចពីម្សិលមិញ ប៉ុន្តែយើងស្ថិតនៅលើផ្លូវតែមួយ ឈានទៅដល់ការដោះស្រាយបញ្ហាជាតិ និងបញ្ហាធំៗរបស់ជាតិ។
លោកប្រាក់ សុខុន បានបញ្ជាក់ថា «យើងមិនទាន់ស្រុះស្រួលគ្នា១០០ភាគរយ ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរស្នើឲ្យទៅ ពិភាក្សាផ្ទៃក្នុង និងជួបគ្នាបន្តទៀត ដើម្បីរករូបមន្តណាមួយ ឈានទៅដល់ការខិតជិតគ្នាខ្លាំង ដើម្បីរកដំណោះ ស្រាយចុងក្រោយណាមួយ ដែលអាចទទួលបានទាំងសងខាង»។

ជំនួបលើកថ្ងៃទី២ គណបក្សទាំងពីរ ជិតឯកភាពគ្នា ១០០ភាគរយហើយ