ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត ត្រូវរង របួសធ្ងន់ធ្ងរ ដោយសារពួកគេជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-6924 យ៉ាងលឿន ជ្រុលបុកចំខ្លួនរថយន្តតួរីស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2F-9138 ជា រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរអង្គរ កំពុង បើកបត់ឆ្លងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង ៥០នាទីយប់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចមុខ បឋមសិក្សាហ៊ុន នាង ផ្លូវលេខ ២៧១ កែងផ្លូវ លេខ ៤៦៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ យោងតាមប្រភព ព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តតួរីស មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2F-9138 បានបើកបរធ្វើដំណើរតាមផ្លូវលេខ ២៧១ទិសដៅពីជើង ទៅត្បូង លុះបើកដល់ចំណុច កើតហេតុបាន ទាញចង្កូតបត់ ខាងឆ្វេងដៃឆ្លងផ្លូវបំណងចុះទៅផ្លូវលេខ ៤៦៤ ដោយមិនបានបើកភ្លើងស៊ីញូវបញ្ជាក់ឡើយ ខណៈនោះ ស្រាប់តែមានយុវជន ២នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន តាមផ្លូវលេខ ២៧១ទិសដៅពីត្បូងទៅជើង បានជ្រុលល្បឿនចាប់ហ្រ្វាំងមិនទាន់ បុកចំខ្លួនរថយន្តតួរីសយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន ម្នាក់ ត្រូវស្លាប់បាត់ បង់ជីវិតយ៉ាងអាណោចអាធ័ម និង ម្នាក់ទៀតត្រូវរងរបួសធ្ងន់ធ្ងរបានរថយន្តសាមុយមកដឹកយក ទៅសង្គ្រោះនៅ មន្ទីរ ពេទ្យភ្លាមៗ ចំណែកម៉ូតូដួលរង ការខូចខាតនៅកន្លែងកើតហេតុនិងរថយន្តបើករត់គេចខ្លួន បានចំណាយជាង ១០០ ម៉ែត្រ ក៏បានឈប់រថយន្តរួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
សមត្ថកិច្ចបញ្ជក់ថាគ្រោះថ្នាក់នេះបង្កឡើងដោយសាររថយន្តបត់មិនបើកភ្លើងស៊ីញូវ ស្របពេលម៉ូតូជិះ លឿនក៏ ជ្រុលបុកចំពាក់កណ្តាល ខ្លួនរថយន្តតួរីសយ៉ាងពេញ ទំហឹងតែម្តងទៅ។ ហើយក្រោយកើតហេតុអ្នក ស្លាប់ត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត តួរីស និងម៉ូតូវីវ៉ា ត្រូវសមត្ថកិច្ច ជំនាញ ចុះធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយ ពេលក្រោយទៅ តាមផ្លូវច្បាប់ ៕


