ភ្នំពេញ៖ យុវជនចំនួន ២ នាក់ត្រូវបាន រងរបួសធ្ងន់ធ្ងរ និងម៉ូតូ ២ គ្រឿងទៀត ក៏ត្រូវរងការ ខូចខាតផងដែរ ដោយសារ បុរសម្នាក់បើកបរ រថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-6674 ក្នុងល្បឿនលឿន បុករះយ៉ាងពេញ ទំហឹង កាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៣ ស្ថិតនៅមុខផ្ទះលេខ ៦០ ផ្លូវលេខ ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ យុវជន ១ក្រុម មានគ្នា ជិត ១០ នាក់ បានអង្គុយលេងលើម៉ូតូចំនួន ៤គ្រឿង នៅលើចិញ្ចើមផ្លូវលេខ ៩៥ ត្រង់ចំណុច កើតហេតុ រហូតដល់ ម៉ោង កើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ បើកបរដោយបុរស ម្នាក់ វ័យជាង ៣០ ឆ្នាំ ក្នុងល្បឿនយ៉ាង លឿន តាមបណ្តោយផ្លូវលេខ ៩៥ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុច ខាងលើបានរេចង្កូតរថយន្តបុករះម៉ូតូខ្ទេច ចំនួន ២ គ្រឿង និងអូសម៉ូតូជាប់ជាមួយមនុស្ស ក្រោមរថយន្តជាង ១០ ម៉ែត្រ ទើបរថយន្តបន្តដំណើរទៅលែងរួច ត្រូវបានក្រុម យុវជន នាំ គ្នាយកដុំថ្មគប់បែកកញ្ចក់រថយន្តផ្នែកខាងក្រោយ ប៉ុន្តែដោយសារម្ចាស់រថយន្តលើដៃសំពះក្រុមយុវជននោះ ទើបក្រុមយុវជនអធ្យាស្រ័យឲ្យ ។
គួរបញ្ជាក់ថា ម៉ូតូ ២ គ្រឿង ខាងលើនេះ ១គ្រឿងម៉ាក SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-7942 និងមួយគ្រឿង ទៀតម៉ាក SZ ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BZ-9240។ ចំណែកយុវជន ២នាក់ដែលរងរបួស ទី១ឈ្មោះ បូរ៉ា ភេទប្រុស អាយុជាង ២០ឆ្នាំ និងទី២ ឈ្មោះ មាន ភេទប្រុស អាយុ ២១ ឆ្នាំ ពួកគេស្នាក់នៅជិត ចំណុចកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តបង្កនិង ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់ វែងអូសយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ និង អ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕

