Monday, September 2, 2013

 ប្រភពពី៖ Lookingtoday
 ភ្នំពេញ៖ រដូវវស្សាបានចូលមកដល់ ក៏ជារដូវដែល តារាចម្រៀងស្រុកខ្មែរនាំគ្នា វេចបង្វេចទៅក្រៅប្រទេស ដើម្បីរកប្រាក់ ចំណូលបន្ថែមទៀត ប្រសើរជាជាងដេកនៅ ផ្ទះដកដង្ហើមចោលទទេៗ ។ ជាក់ស្ដែង តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា នាំគ្នាទៅច្រៀងក្រៅប្រទេស ខណៈដែលពួកនាង ស្ងប់ស្ងាត់សកម្មភាព សិល្បៈក្នុងស្រុក ។ ចំណែកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ទើបតែត្រឡប់ ពីអូស្រ្តាលី ថ្មីនេះដែរ។ ចុះកំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ត វិញ ហេតុអ្វីមិនមានគំរោង ចេញទៅ សម្ដែងក្រៅប្រទេស ដូចតារាចម្រៀងដទៃ ខណៈដែលលោក ក៏កំពុងមមាញឹក ក្នុងអាជីពជាតារាចម្រៀង តែរដូវនេះ លោកក៏ត្រូវរវល់ ជាមួយការថតភាពយន្ត របស់ផលិតកម្ម សាន់ដេ ដែលលោកជាតួធំដដែល ។
មានប្រភពមួយ បាននិយាយពីការ មិនចេញក្រៅរបស់ លោក ខេមរៈ សិរីមន្ត បាននិយាយប្រាប់ LookingTODAY ថា តាមពិតទៅ ប្រជាជនខ្មែរ រស់នៅក្រៅប្រទេស ស្រឡាញ់ ខេមរៈ សិរីមន្ត ណាស់។ តែតារាចម្រៀងនេះ ពេលទៅសម្ដែង នៅក្រៅប្រទេសវិញ បែរជាតំឡើងឫកខ្ពស់កប់ពពក មិនសូវស្វាគមន៍ បងប្អូនខ្មែរយើងឡើយ ។ ពិសេសកាលពី លោក ខេមរៈ សិរីមន្ត នៅសហរដ្ឋអាមេរិក លើកមុន ដែលដំបូងមាន ទស្សនិកជន កុះករណាស់ តែតាំងពីលោកបញ្ចេញ ចរិកបែបនោះមក ការសម្ដែងរបស់លោក ក៏មានការថយចុះ ចំនួនអ្នកទស្សនាជាបន្តបន្ទាប់។
ចំណែក ខេមរៈ ស្រីពៅ វិញ បានប្រកែកដាច់ខាតថា មិនច្រៀងជាមួយ តារាចម្រៀងប្រុសណា ក្រៅពីបងប្រុសនាងទេ ធ្វើឲ្យក្រុមតន្រ្តី ដែលប្រគំឲ្យ តារាចម្រៀងពីរនាក់ បងប្អូននេះ សង្គ្រឺតធ្មេញ មិនតិចទេ ព្រោះហួសចិត្តនឹង ចរិកឡូយអស្ចារ្យពេក ។ ពួកគេបន្តថា ពេលតារាចម្រៀងល្បីស្រុកខ្មែរ មកសម្ដែងពួកគេ សប្បាយចិត្តណាស់ តែបើមកបញ្ចេញ ចរិតបែបហ្នឹង មិនបាច់មកទេ ហើយពួកគេ ក៏មិនអាចទទួល យកបានដូចគ្នា ព្រោះខំស្រឡាញ់គាំទ្រ តែកាច់ឫកពេក ពួកគេក៏មិនស្វាគមន៍ដូចគ្នា ។
ពាក់ព័ន្ធជាមួយនឹង ការលើកឡើងនេះ LookingTODAY បានព្យាយាមទំនាក់ទំនង ទៅកាន់លោក ខេមរៈ ភារុណ ដែលជាបងប្រុស តារាចម្រៀងទាំងពីរដួងនេះ និងជាអ្នកនាំពាក្យផងនោះ ប៉ុន្តែពេលទូរស័ព្ទចូល បែរជាមាន មនុស្សស្រីជាអ្នកទទួល ហើយបានប្រាប់ថា លោក ខេមរៈ ភារុណ កំពុងជាប់រវល់។ យ៉ាងណាក្ដី LookingTODAY នឹងរង់ចាំការបកស្រាយបញ្ជាក់ ពីសំណាក់ត្រកូល ខេមរៈ នៅពេលណាមួយ ដើម្បីឲ្យមហាជន អស់សង្ស័យទៅលើ ការចោទឡើងខាងលើនេះ ដោយក្ដីរីករាយ៕




លេចឮថា បងប្អូន​ត្រកូល ខេមរៈ អ្នក​នៅ​ក្រៅប្រទេស​មិនស្វាគមន៍