ពេលដែលប្រិយមិត្តទាំងអស់គ្នាអាននូវអត្ថបទនេះ ខ្ញុំចង់ប្រាប់ប្រិយមិត្តថា ទឹកភ្នែករបស់ខ្ញុំកំពុងតែស្រក់ដោយសារភាពឈឺចាប់មួយ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ រឿងនោះគឺពាក់ព័ន្ធនឹងការសុំបែករបស់ខ្ញុំពីសង្សារ។ នេះគឺរឿងដែលខ្ញុំសម្រេចចិត្តផ្ញើអត្ថបទនេះមកកាន់ Sabay ដើម្បីចែកជូនអ្នកអាន សូមឲ្យជួយពិចារណាទៅមើលថា ការសម្រេចចិត្តសុំបែករបស់ខ្ញុំត្រឹមត្រូវដែរ ឬទេ? ខ្ញុំជាអ្នកខេត្តព្រៃវែង តែមករស់នៅក្នុងរាជធានីភ្នំពេញនេះយូរហើយ ព្រមទាំងបានស្គាល់បុរសម្នាក់ដែលមានស្រុកនៅក្បែរខ្ញុំដែរ ក្នុងរយៈពេលបីឆ្នាំមកនេះ។ ទំនាក់ទំនងរបស់យើងកាន់តែស្អិតល្មួតទៅៗ រហូតដល់គាត់ហ៊ាននាំខ្ញុំទៅលេងដល់បន្ទប់ជួលរបស់គាត់។ គាត់បានសន្យាថា នឹងចូលដណ្ដឹងខ្ញុំរៀបការនៅឆ្នាំក្រោយ ហើយកន្លងមកគាត់ក៏ធ្លាប់បានប្រាប់ខ្ញុំឲ្យទៅចរចាជាមួយនឹងឪពុក ម្ដាយរបស់ខ្ញុំអំពីបណ្ដាការទៀតផង។ខ្ញុំបានធ្វើតាមគាត់គ្រប់ យ៉ាង។ គាត់បបួលខ្ញុំទៅណា ក៏ខ្ញុំមិនប្រកែកដែរ។ ពេលខ្លះខ្ញុំហ៊ាននៅដល់យប់ជ្រៅគ្រាន់បើ ជាមួយគាត់ទៀតផង ប៉ុន្តែរឿងមួយនោះ គឺខ្ញុំមិនហ៊ានប្រថុយខ្លួនផ្ដេសផ្ដាសឡើយ។ តាមពិតទៅ ខ្ញុំមានអារម្មណ៍ថា គាត់ក៏ចង់បបួលខ្ញុំធ្វើអ្វីផ្ដេសផ្ដាសដែរ ប៉ុន្តែមិនទាន់ហ៊ាន។ គាត់គ្រាន់តែកៀកស្មាខ្ញុំ ប៉ះខ្នងខ្ញុំ និងចាប់ដៃខ្ញុំតែប៉ុណ្ណោះ។ ដោយសារការប៉ះនោះរៀងតិចតួច ខ្ញុំក៏ចេះបិទភ្នែកម្ខាងបើកភ្នែកម្ខាង ដោយបណ្ដោយទៅតាមគាត់ទៅ។ តាមពិត ខ្ញុំពុំដែលធ្លាប់ឆ្លងកាត់ការស្ទាបអង្អែលអ្វីពីបុរសនោះទេ ដូច្នេះខ្ញុំដូចជាមានអារម្មណ៍ភ័យជាខ្លាំង ដល់ពេលខ្លះសឹងតែគ្រញែងខ្លួនក៏មាន។ ថ្ងៃមួយគាត់បាននាំខ្ញុំទៅបន្ទប់របស់គាត់ គឺចំថ្ងៃឈប់សម្រាកគ្មានមនុស្សនៅផ្ទះជួលច្រើនប៉ុន្មានទេ។ គាត់បានបិទទ្វារ ដោយមានតែយើងពីរនាក់គត់នៅក្នុងបន្ទប់នោះ។ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ភ្លាម។ មិនយូរប៉ុន្មាន ដៃទាំងពីររបស់គាត់បានឱបខ្ញុំ ហើយផ្ដេកខ្ញុំទៅលើគ្រែតែម្ដង។ ខ្ញុំមិនទាន់រើបម្រះភ្លាមទេ ទ្រាំរហូតដល់គាត់ចាប់ផ្ដើមឱបថើបខ្ញុំ ទើបខ្ញុំប្រាប់គាត់ថា កុំធ្វើអីចឹង។ ប៉ុន្តែគាត់នៅតែបន្តថើបដដុសច្រមុះរបស់គាត់មកលើថ្ពាល់ និងករបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំរសើបផង ភ័យផង។ តែទោះយ៉ាងណា ខ្ញុំមិនព្រមចុះចាញ់ប្រគល់ឲ្យគាត់ធ្វើអីៗតាមចិត្តរបស់គាត់ ចង់នោះទេ។ ការមិនបណ្ដោយខ្លួនឲ្យបានទៅបុរសមុនពេលរៀបការ គឺដោយសារខ្ញុំធ្លាប់មានមិត្តភ័ក្ដិចាញ់បោកសង្សាររហូតដល់ខូច ខ្លួនខូចប្រាណ ហើយសង្សារបានបោះបង់ចោល។ ទីបំផុតនាងត្រូវតែលតោលរស់នៅម្នាក់ឯង។ មិត្តរបស់ខ្ញុំបានផ្ដាំផ្ញើខ្ញុំថា បើមិនបានរៀបការជាមួយគ្នា ក្រាបក្បាលដល់កន្ទេលចំពោះមុខមេបា ដាច់ខាតមិនត្រូវប្រគល់ខ្លួនឲ្យអ្នកណាងាយៗឡើយ។ ដោយសារចាំពាក្យទាំងនេះ ខ្ញុំបានសុំឲ្យសង្សារខ្ញុំ ដែលកំពុងឱបថើបខ្ញុំ ឲ្យងើបពីខ្ញុំភ្លាម ប៉ុន្តែគាត់មិនធ្វើតាមខ្ញុំឡើយ។ ខ្ញុំបានប្រាប់គាត់ម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែចចេសបបោសអង្អែលខ្ញុំដដែល។ ទ្រាំមិនបាន ខ្ញុំក៏យំតែម្ដង និងប្រាប់គាត់ដោយសម្ដីម៉ឺងម៉ាត់ថា បើគាត់ព្យាយាមបានខ្លួនខ្ញុំនៅពេលនោះ ខ្ញុំនឹងស្អប់គាត់មួយជីវិត។ ខ្ញុំសឹងតែប្រាប់គាត់ទៀតថា ខ្ញុំនឹងប្ដឹងគាត់ក្រោយពីការប្រព្រឹត្តិរឿងនេះមកលើខ្ញុំ ប៉ុន្តែពេលនោះខ្ញុំនឹកឃើញដល់រឿងរំលោភសម្លាប់ភ្លាម។ តាមឮព័ត៌មានកន្លងមក មានការរំលោភសម្លាប់។ ខ្ញុំគិតឃើញថា បើខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងប្ដឹងគាត់ ហើយគាត់មុខជាភ័យ ហើយគាត់អាចនឹងសម្លាប់ខ្ញុំនៅពេលនោះ ដើម្បីបំបិទមាត់ក៏អាចថាបាន។ ដូច្នេះខ្ញុំក៏ប្រាប់គាត់ត្រឹមតែ នឹងស្អប់គាត់រហូត។ បើទោះបីជាខ្ញុំប្រាប់គាត់អីចឹងហើយ គាត់នៅតែមិនព្រមងើបចេញពីខ្ញុំទៀត ហើយនៅបន្តថើបខ្ញុំ និងនិយាយតិចៗថា បងស្រលាញ់អូន! បងស្រលាញ់អូន! ទ្រាំមិនបាន ខ្ញុំក៏រើបម្រះមួយទំហឹងច្រានគាត់ចេញទាល់តែបាន។ រួចហើយ ខ្ញុំបើកទ្វាររត់ចេញតែម្ដង ដោយត្រឡប់ទៅផ្ទះខ្ញុំវិញ។ ជិះម៉ូតូឌុបបណ្ដើរ ទូរសព្ទខ្ញុំរោទ៍បណ្ដើរ ព្រោះគាត់បានខលចូល ប៉ុន្តែខ្ញុំបានចុចបិទចោល មិនលើកទេ។ ខ្ញុំទៅដល់ផ្ទះភ្លាម ខ្ញុំវិចខោអាវរបស់ខ្ញុំទៅសុំផ្ទះមិត្តភ័ក្ដិរបស់ខ្ញុំស្នាក់នៅ ជាមួយជាច្រើនថ្ងៃ។ ប៉ុន្តែសង្សារខ្ញុំនៅតែទូរសព្ទមករកខ្ញុំពុំដែលខាន។ តាមពិតទៅ ក្រោយពីព្រឹត្តិការណ៍ដែលបានកើតឡើងមក ខ្ញុំមិនស្អប់គាត់ដល់ឆ្អឹងនោះទេ។ ខ្ញុំក៏នៅតែស្រលាញ់គាត់ ប៉ុន្តែខ្ញុំត្រូវតែធ្វើបែបនេះដើម្បីបង្ហាញថា ខ្ញុំខឹងនឹងគាត់ ហើយឲ្យគាត់ពិចារណានូវកំហុសខ្លួន។ មិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចចិត្តជួបគាត់ទល់មុខ ហើយគាត់ក៏បានសន្យាថាឈប់ធ្វើបែបនេះដែរ។ ដូចការសន្យា គឺគាត់មិនធ្វើសកម្មភាពអ្វីមែន ប៉ុន្តែពេលជួបខ្ញុំនៅកន្លែងស្ងាត់ៗម្ដងណា គាត់តែងនិយាយបញ្ចុះបញ្ចូលខ្ញុំឲ្យគេងជាមួយគាត់។ ខ្ញុំមានការសោកស្ដាយណាស់។ ការបញ្ចុះបញ្ចូលរបស់គាត់ គឺកើតមានជាច្រើនដងច្រើនសារ។ ខ្ញុំចាប់ផ្ដើមគេងមិនសូវលក់ រវល់ខ្វល់ខ្វាយតែរឿងគាត់សុំដេកជាមួយ។ ខ្ញុំចាប់ផ្ដើមប្រាប់រឿងនេះដល់មិត្តភ័ក្ដិរបស់ខ្ញុំ ដែលធ្លាប់ប្រាប់ខ្ញុំកុំឲ្យចាញ់បោកប្រុសៗដូចរួបនាង។ មិត្តខ្ញុំឲ្យយោបល់ថា បើទ្រាំមិនបានឈប់ទាក់ទងគេទៀតទៅ ទៅខ្វះអីប្រុសមួយគំនរ មិនគួរណាមកខ្វល់ខ្វាយជាមួយបុរសដែល ឈ្លក់តែរឿងតណ្ហានោះទេ។ ក្រោយពីស្ដាប់សម្ដីមិត្តរបស់ខ្ញុំហើយ ខ្ញុំចាប់ផ្ដើមមានកង្វល់កាន់តែខ្លាំង ព្រោះខ្ញុំមិនចង់បែកពីគាត់ឡើយ។ គាត់អាក្រកតែសុំខ្ញុំរឿងរួមភេទ តែគាត់ជាមនុស្សដែលចេះយកចិត្តខ្ញុំ សួរនាំខ្ញុំមួយថ្ងៃយ៉ាងហោចក៏ម្ដងដែរ អំពីអាហារហូបចុក ការរៀនសូត្រ ឬការងារនានា។ ខ្ញុំមិនចង់បែកពីគាត់ទេ ប៉ុន្តែខ្ញុំក៏មិនចង់ធ្វើអ្វីផ្ដេសផ្ដាសដែរ។ ការសរសេររបស់ខ្ញុំមកនេះ គឺចង់សួរមិត្តអ្នកអានអត្ថបទប្រចាំថ្ងៃរបស់Sabay ថា៖ ១) តើខ្ញុំគួរយល់ព្រមគេងជាមួយគាត់ ឬយ៉ាងណា? ២) តើខ្ញុំគួររៀបការជាមួយគ្នា ជាមួយនឹងថវិកាតិចតួចដែលយើងមាន ដោយពុំរង់ចាំដល់មានលុយរៀបការមួយឲ្យបានសមរម្យទេឬ? ៣) តើខ្ញុំត្រូវបែកពីគាត់ដូចអ្វីដែលមិត្តភ័ក្ដិរបស់ខ្ញុំណែនាំអត់? ខ្ញុំសង្ឃឹមថា មិត្តអ្នកអានទាំងអស់នឹងចូលរួមបញ្ចេញមតិដល់ខ្ញុំផង និងសូមអរគុណបង Sabay និងក្រុមការងារឲ្យជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនទៅមុខ។
រូបភាពតំណាង
ប្រភព៖សប្បាយ



