កណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍ ដែល ត្រូវបានសមត្ថកិច្ច អះអាងជាជំហានដំបូង បង្កឡើងដោយរថយន្ដតួរីស ដឹកអ្នកដំណើរ និងរថយន្ដកូរ៉េ បានបុកគ្នានៅខាងកើត ស្ពានព្រែកក្ដាម ព្រំប្រទល់ស្រុកបាធាយ ខេត្ដកំពង់ចាម និងស្រុកពញាឭ ខេត្ដ កណ្ដាល នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បណ្តាលឲ្យអ្នកបើករថយន្តទាំងពីរ រងរបួសបាក់ជើង និងអ្នករួមដំណើរម្នាក់ រងរបួសស្រាល ។
អធិការនគរបាល ស្រុកពញាឭ ខេត្ដ កណ្ដាល លោក ដួង កេង បានបញ្ជាក់តាមទូរស័ព្ទថា ពិតជា មានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើត ឡើងពិតប្រាកដមែន គឺនៅក្នុងឃុំកោះចិន ស្រុកពញាឭជា ទឹកដីរបស់លោក ។ លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៌នេះ បានបណ្តាលឲ្យរង របួស ៣នាក់ ក្នុងនោះអ្នកបើករថយន្តទាំងពីរបាក់ជើង និងអ្នករួមដំណើរម្នាក់ រងរបួសស្រាល មិនមានរងរបួសច្រើននាក់នោះឡើយ ។ ក្រោយកើត ហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចរបស់លោក យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្តទៀត រីឯអ្នករងរបួស ត្រូវបានជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ៕