Wednesday, September 25, 2013

ភ្នំពេញ​ ៖ ​បុរស​៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ ដោយសារ​ករណី​ទំនាស់​វាយតប់​គ្នា​ជាមួយ​បុគ្គលិក​​​ហាង​ផឹកស៊ី​មួយ​យីហោ​«​សម្រស់​បុប្ផា​ថ្មី​» កាលពី ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ ដែល​ទំនាស់​នេះ​ត្រូវ​បាន​ភាគី​ជនរងគ្រោះ​ចោទ​ប្រកាន់​ថា គ្រាន់តែ​ស្រវឹង​ធ្វើ​ឲ្យ​បែក​កែវ​សោះ​ត្រូវ​ម្ចាស់​ហាង​បញ្ជា​កូនចៅ​ឲ្យ​ ព្រួត​វាយតប់។
ក្រុម​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ ទី​១. ឈ្មោះ ឃឹម នី អាយុ​២០​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា រង​របួស​ធ្ងន់​ត្រង់​ក្បាល​​​ហូរឈាម​កក្លាក់។ ទី​២. ឈ្មោះ ភ័ក្ដ្រ​ម៉ា អាយុ​២២​ឆ្នាំ មុខរបរ​ជាងកាត់សក់​ដូចគ្នា ទី​៣. ឈ្មោះ ហេង ម៉េង អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់ និង​ស្នាក់នៅ​ជាមួយគ្នា។
បើ ​តាម​ការ​អះអាង​របស់​ក្រុម​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួកគេ​បាន​ចូល​មក​ផឹក​ស៊ី​នៅក្នុង​ហាង​នេះ​តាំង​ពី​ម៉ោង ​៨និង​៣០នាទី ​រហូតដល់​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​អស់​ស្រា​បៀរ​៨​ថូ និង​មាន​គ្នា​៨​នាក់ ហើយ​ពួក​ខ្លួន​ក៏​ចេញ​ទៅ​មុន​បាត់​នៅ​សល់តែ​៣​នាក់​ក៏​ហៅ​ឲ្យ​គេ​គិតលុយ​អស់ ​តម្លៃ​៧០​ដុល្លារ តែ​ដោយ​​​ភាព​ស្រវឹង​ជោក​ក៏​ធ្វើ​ឲ្យ​ជ្រុះ​បែក​កែវ​២-៣។ ពេលនោះ​ក៏​ស្រាប់​តែ​មាន​បុគ្គលិក​ដែល​បញ្ជា​ដោយ​ម្ចាស់​ហាង​នេះ​នាំគ្នា​មក ​វាយតប់​លើ​ពួក​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​ដូច្នេះ ហើយ​ត្រូវ​ប៉ូលិស​នាំ​យក​ទៅ​ឃុំខ្លួន​អស់​១​យប់​ទៀត​ផង​ទើប​ដោះលែង។
បុរស ​ម្នាក់​ឈ្មោះ ជន ចំណាន អាយុ​៣១​ឆ្នាំ​ជា​មេការ​គ្រប់គ្រង​ក្នុង​ហាង​នេះ​បាន​និយាយ​បំភ្លឺ​ប្រាប់​ កម្ពុ​ជា​ថ្មី​តាម​ទូរស័ព្ទ​ថា ករណីនេះ​ខាង​​​បុគ្គលិក​របស់​លោក​ពុំបាន​វាយតប់​មក​លើ​ពួកគេ​នោះ​ទេ គឺ​ពួក​ឯង​វាយតប់​គ្នា​គាត់​ប៉ុណ្ណោះ ដែល​ផ្ទុយ​ស្រឡះ​ពី​ការចោទប្រកាន់​របស់​ជន​រង​គ្រោះជា​ភ្ញៀវ៕


នាំគ្នា​ទៅ​ផឹកស៊ី​ច្រៀង​រាំ​នៅ​ហាង​សម្រស់​បុប្ផា​ថ្មី​ធ្វើ​ឲ្យ​បែក​កែវ​ត្រូវ​ម្ចាស់​ហាង​ព្រួត​វាយ​ទ្រម​ខ្លួន