រាជធានីភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីមាននារីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈបានសម្រេច កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី១៧ កញ្ញា ២០១៣ ស្ថិតនៅចំណុចក្រុមទី៧ ឃុំព្រែកជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យខាងលើឈ្មោះអ៊ុយ ផល អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលខាងលើ ។
ចំណែកជនសង្ស័យម្នាក់ទៀតបាន រត់គេចខ្លួនបាត់ ឈ្មោះអែស អាយុ២០ឆ្នាំ ។ ចំណែកនារីរងគ្រោះអាយុ១៩ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ មកភ្នំពេញដើម្បីស្វែងរកការងារធ្វើ ។តាមប្រភពពីនារីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះបានប្រាប់ខ្លួនថា នឹងជួយរកការងារឱ្យធ្វើ ហើយក៏បានបបួលនាងមកផ្ទះជួលខាងលើ ដើម្បីជប់លៀងផឹកស៊ី បន្ទាប់មកជនសង្ស័យម្នាក់ ក៏ធ្វើសកម្មភាពចាប់រំលោភនាងតែម្តង ។
បន្ទាប់ពីរំលោភហើយ ជនសង្ស័យបានដឹកនារីរងគ្រោះមកចោលនៅម្តុំចោមចៅ ។ប្រជាពលរដ្ឋបានឃើញនាងអង្គុយយំតែម្នាក់ឯងក៏សួរ នាំ ទើបដឹងរឿងហេតុហើយ ប្រជាពលរដ្ឋបាននាំនារីរងគ្រោះមកប្តឹងសមត្ថកិច្ចតែម្តង ។ ដោយ ជួប ស្រីដា