Tuesday, September 24, 2013

ភ្នំពេញ: បន្ទាប់ពី​រដ្ឋាភិបាលថ្មី បាន​ត្រូវអនុម័ត​ដោយ​រដ្ឋសភា​រួចមក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់បទ​សម្ភាសន៍​មួយ​ជាមួយ​ក្រុម​អ្នកកាសែត​។ ខ្លឹមសារ​ទាំងស្រុង ​នៃ​បទសម្ភាសន៍​នោះ​ មាន​ដូចខាងក្រោម​៖ ​រដ្ឋសភា មិនមែនជា​ចំណាប់ខ្មាំងរបស់​ក្រុម​ណាមួយ​ទេ​។ មានការ​បកស្រាយ​ណាមួយ​ថា ការប្រជុំ​សភា​ដំបូង​ ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត ​គឺជា​ការខុសច្បាប់​ទំលាប់​។ តើគេ​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ ក្រៅពី​រដ្ឋ​នេះ ​ឬ​យ៉ាងម៉េច ? យើង​គ្រាន់តែ​លើក​ជា​បញ្ហា​ឡើង ដើម្បី​ឲ្យ​ពួក​អ្នកច្បាប់ ​គេ​ពិនិត្យ​តែប៉ុណ្ណោះ យើង​មិនបាន​ត្រៀមខ្លួន​ធ្វើ​អ្វី​ទេ ប៉ុន្តែ​ទិដ្ឋភាព​ផ្លូវច្បាប់​ត្រូវតែ​វែកញែក​ឲ្យ​បាន​ច្បាស់​។​ ​តើ​ព្រះមហាក្សត្រ​ក៏ដូចជា​ផ្នែក​នានា​ ដែល​ធ្វើការ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ជា​អ្នក​ខុសច្បាប់ ឬក៏​អ្នក​មួយក្រុម​ដែល​ចេញពី​ទីនេះ​? ទីនេះ​កាលពី​ម្សិលមិញ​ក៏​អត់​បាន​បិទផ្លូវ​នរណា​មួយ​មិន​ឲ្យ​ចូល​ទេ សុំ​កុំ​ភ័ន្តច្រឡំ ហើយ​ទីតាំង​មានតែ​ទីក្រុង​ភ្នំពេញ​មួយគត់ ហើយ​តើ​ទៅ​ស្បថ​នៅ​ខេត្ត​នោះ​មានន័យថា​ម៉េច​? ​កុំ​ឈាន​មួយ​ជំហាន​ទៀត​បានប្រកាស​ពី​សមាសភាព​នៃ​អ្នក​ជាប់ឆ្នោត​រហូតដល់​៦៣​នាក់​។ តើ​បាន​មកពីណា​នេះ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ចោទ​ជា​សំនួរ​លើផ្លូវ​ច្បាប់​ព្រោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ព្រះមហាក្សត្រ ក៏​ព្រះអង្គ​អញ្ជើញ​តែ​៥៥​នាក់​តែប៉ុណ្ណោះ មិនមាន​៦៣​នាក់​ទេ​។​ ​តើ​ចង់​បង្កើត​រដ្ឋាភិបាល​មួយ​បន្ថែមទៀត​ឬ​យ៉ាងម៉េច សុំ​កុំ​ឲ្យ​ដើរ​ជ្រុល​ហួស​ពី​ក្របខ័ណ្ឌ​ច្បាប់​។ សមាជិកសភា ៨ នាក់​ទៀត​ទើបតែ​ប្រកាស​នៅ​កន្លែង​ផ្សេង​។​ ​អីចឹង​ទេ​ចំណុច​ទាំងអស់នេះ គ្រាន់តែ​ជា​សារ​មួយ​ដើម្បី​ឲ្យ​យកចិត្តទុកដាក់​កុំ​ឲ្យ​ដើរ​ហួស​ពី​គន្លង​ផ្លូវច្បាប់​។​ ​ខ្ញុំ​គិតថា​យើង​មិនបាន​បិទទ្វារ​ទេ ប៉ុន្តែ​ដំបូង​បំផុត​ខ្ញុំ​ចង់​និយាយថា បើ​ចង់​និយាយ​អី​តទៅទៀត ត្រូវ​ចូល​ស្បថ​សិន​។ បើ​មិនទាន់បាន​ចូល​ស្បថ​ទេ កុំអាល​លើក​បញ្ហា​ចរចា​ជាមួយ​គណបក្ស​ប្រជាជន ព្រោះតែ​ចូល​ស្បថ ព្រោះ​ឥឡូវ​ដំណាក់កាល​វា​បាន​មកដល់​ដំណាក់កាល​នេះហើយ​។ កុំមក​តថ្លៃ​ថា​ត្រូវតែ​ឲ្យ​ខ្លួន​ចូល​ស្បថ ទាល់តែ​ឲ្យ​តំណែង​រដ្ឋសភា​ទេ កន្លងទៅ​អា​រឿង​គាំង​។ ខ្ញុំ​សូម​និយាយ​បន្តិច រឿង​គាំង​រឿង​អី ចរចា​មិនមែន​ថា​គាំង​ទេ ក៏ប៉ុន្តែ​រឿង​មិនអាច​ទៅរួច តើ​អស់លោក​ដែល​ឃើញ​នៅលើ​ពិភពលោក​ឃើញ​បក្ស​ភាគតិច​ណា​ឡើង​ធ្វើ​រដ្ឋសភា​ទេ ការទាមទារ​ស្នើសុំ​ឲ្យ​បាន​ខ្លួន​ធ្វើ​ប្រធានរដ្ឋសភា​? ​ការ​មក​ចរចា​ថ្ងៃទី​២ មិនមែនជា​ការចរចា​ដើម្បី​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ស្វែងរក​ការពិត​អ្វី​ទេ​។ គឺ​បានបញ្ជាក់​ច្បាស់​ហើយ​ថា ទទួលយក​៦៨ និង​៥៥ ប៉ុន្តែ​សុំ​ឲ្យ​ទទួលយក​សម្តេច​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ថា​គេ​ធ្វើ​សម្បទាន​ធំ​ណាស់ ខ្ញុំ​ក៏បាន​ប្រាប់ថា កុំ​និយាយ​ពាក្យ​ធ្វើ​សម្បទាន ហើយ​ខ្ញុំ​នេះ​ក៏​មិន​ចាំ​មាន​អ្នកណា​មក​គាំទ្រ​ដែរ ព្រោះ​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៅហើយ ចឹ​ង​ទេ យើង​គួរប្រើ​ពាក្យ​សម្រុះ​ស​ម្រួ​ស​។​ ​ក្នុងពេល​ជាមួយគ្នា​គេ​បានស្នើ​ពាក្យ​ចែក​អំណាច​នៅក្នុង​សភា​ដោយ​ឲ្យ​បក្សប្រឆាំង​កាន់កាប់​សភា​ដោយ​សុំ​ធ្វើ​ប្រធានសភា និង​គណៈកម្មការ​ដោយ​៦​ម្ខាង​ក្នុង​អចិន្ត្រៃយ៍​។ ចឹ​ង​មក​ទីនេះ​សូមបញ្ជាក់ថា មក​ស្នើសុំ​បើសិនជា​ពេលនោះ យើង​ព្រម​ឲ្យ​ធ្វើ​ប្រធានរដ្ឋសភា ច្បាស់​ណាស់​ថា គេ​ហ្នឹង​ចូលប្រជុំ​ហើយ អីចឹង​ខ្ញុំ​បាន​សួរថា តើ​អស់លោក​ចង់បាន​តំណែង ឬ​ចង់បាន​តុល្យភាព ហើយ​អស់លោក​ពិនិត្យមើល នៅលើ​ពិភពលោក​ដែលមាន​ប្រទេស​ណាមួយ​ដែល​អនុញ្ញាត​បក្ស​សំឡេង​ភាគតិច​ធ្វើ​ប្រធានរដ្ឋសភា វា​អត់​មាន ? ​ករណី​អស់លោក​មិនអាច​ភ្ជាប់​សម្តេចក្រុមព្រះ រឿង​សម្តេចក្រុមព្រះ​និង​ករណីនេះ​បានទេ ករណី​សម្តេចក្រុមព្រះ​មាន​ទិដ្ឋភាព​ពីរ​យ៉ាង ទិដ្ឋភាព​ទី​១ គឺ​ទិដ្ឋភាព​ប្រព័ន្ធ​២​ភាគ​៣ ក្នុងពេលដែល​គណបក្ស​ប្រជាជន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អត់​មាន​នរណា​មួយ​មាន​សំឡេង​២​ភាគ​៣​។ ទិដ្ឋភាព​ទី​២ គណបក្ស​ប្រជាជន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សម្ព័ន្ធភាព​ជាមួយគ្នា តាំងពី​ក្នុង​រដ្ឋសភា រហូតដល់​រាជរដ្ឋាភិបាល​។ ចឹ​ង​ករណី​ទាំងពីរ​នេះ វា​ខុសពី​ករណី​ថ្ងៃនេះ ថ្ងៃនេះ​ប្រព័ន្ធ​៥០+១ ក្នុងពេលដែល​គណបក្ស​ប្រជាជនមាន​សំឡេង​លើស​សេចក្តីត្រូវការ​ពី​៥០+១​។ ទី​២ គណបក្ស​នេះ​មិនជា​គណបក្ស​សម្ព័ន្ធ​ជាមួយ​គ​បក្ស​ប្រជាជន គឺជា​គណបក្សប្រឆាំង​។ ​ប្រសិនបើ​ប្រគល់​តំណែង​ប្រធាន​រដ្ឋ​ភា​ឲ្យ​គេ ច្បាស់​ណាស់​ថា សភា​ជាប់គាំង​។ បើ​សភា​ជាប់គាំង​គឺ​ច្បាស់​ណាស់​ថា រាជរដ្ឋាភិបាល​ក៏​ជាប់គាំង​ដែរ​។​ ​អស់លោក​ដឹង​ទេ​អំពី​នីតិវិធី​ការងារ​របស់​រដ្ឋសភា នៅត្រង់ថា សេចក្តីស្នើ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ត្រូវ​ឆ្លងកាត់​ប្រធានសភា បើ​ប្រធានសភា​មិន​ព្រម​កោះប្រជុំ​អចិន្ត្រៃយ៍ ឬ​ប្រធានសភា​មិន​ដាក់ចូល​ទៅក្នុង​របៀបវារៈ គឺ​បានសេចក្តីថា ជាប់គាំង​ហើយ​។ ចឹ​ង​ទេ​ចំណុច​នៅទីនេះ ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ សភា​នេះ​កាលពី​ម្សិលមិញ​ក៏​អត់​បាន​បិទទ្វារ អត់​មាន​បិទ​ប្រឡោះ​មិន​ឲ្យ​នរណា​ចូល​ដែរ ហើយ​កុំ​និយាយ​ពាក្យ​ថា សភា​ឯក​បក្ស​ខុសពី​រដ្ឋធម្មនុញ្ញ​។ សភា​ឯក​បក្ស​កាលពី​ម្សិលមិញ​នេះ​ដោយមាន​បក្ស​មួយ​មិន​ព្រម​ចូល ហើយ​ពេល​បោះឆ្នោត​មាន​៨​បក្ស អស់លោក​ដឹង​ទេ​មាន​៨​បក្ស ហើយ​នេះ​ទឹកខ្មៅ​ដែល​ខុមហ្វ្រែល​បាន​ខិតខំ​ធ្វើ​ប៉ុន្មាន​ម៉ោង​មុន​ការបោះឆ្នោត​ធ្វើ​ឲ្យ​មានការ​ឆោឡោ ថា​ទឹកខ្មៅ​ជូត​ជ្រះ​។ ​ខ្ញុំ​បាន​ប្រើ​អស់​លទ្ធភាព​ដើម្បី​សាកល្បង ប៉ុន្តែ​ទី​ចុង​បំផុត ថ្ងៃនេះ​ជិត​២​ខែ​ហើយ ជិត​២​ខែ​ហើយ​មិនទាន់​រលុប​ទេៗ អីចឹង​ខាង​ខុមហ្វ្រែល ត្រូវតែ​យល់​ខ្លួនឯង​។ ​ដូច្នេះ​តែ​អ្នក​និយាយ​ធ្វើ​ឲ្យ​ឆោឡោ​មុន​ការបោះឆ្នោត​ប៉ុន្មាន​ម៉ោង ត្រូវ​ទទួលខុសត្រូវ​យ៉ាងណា អំពី​សាធារណៈមតិ​អំពី​ខ្លួន ជា​អង្គការក្រៅរដ្ឋាភិបាល ហើយ​ទទួលបន្ទុក​អំពី​អ្វីដែល​ខ្លួន​ហៅថា​ការបោះឆ្នោត​។ ខ្លួន​ត្រូវ​ទទួលខុសត្រូវ​ប៉ុណ្ណា តើ​ត្រូវ​សុំទោស​ចំពោះ​ប្រជាជាតិ​ទាំងមូល​យ៉ាងណា ​អំពី​ការដែល​ខ្លួន​ធ្វើ​ឆោឡោ​មុន​ការបោះឆ្នោត​តែ​ប៉ុន្មាន​ម៉ោង​។ ខ្ញុំ​គិតថា ហោចណាស់ ខ្លួន​ត្រូវ​ទទួលខុសត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ព្រោះ​វា​ទាក់ទង​នឹង​រឿង​ធំ​ណាស់ ដែលថា​ទឹកខ្មៅ​ជូត​ជ្រះ​ភ្លាមៗ​ហើយ​ដែល​អាច​បោះចោល​ដប​។ ឥឡូវ​អស់លោក​មួយចំនួន​ដៃ​នៅជាប់​នៅឡើយ​ទេ រាប់ទាំង​ដៃ​របស់ខ្ញុំ​។ ​ខ្ញុំ​និយាយ​បក​ក្រោយ​បន្តិច​ទៅ​ចោះ អំពី​ការធ្វើ​ឲ្យ​មានការ​ឆោឡោ មានបំណង​អ្វី​ទៅ អំពី​ទឹកខ្មៅ​នេះ​? ហើយ​ចោទ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថា​ទឹកខ្មៅ​ជូត​ជ្រះ​។ ឥឡូវ​មួយ​ប្រទេស​ទឹកខ្មៅ​ជូត​វា​អត់​ជ្រះ​។ យ៉ាងហោចណាស់​ក៏ត្រូវ​ទទួលខុសត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ អំពី​បញ្ហា​ខុមហ្វ្រែល​ដែល​លើកឡើង​ពី​បញ្ហា​នេះ​។​ ​បញ្ហា​បើសិនជា និយាយ​រួម​មុននឹង​និយាយ​ពី​ការចរចា​សុំចូល​ស្បថ​សិន ទើប​វា​គ្រប់លក្ខណៈ​ដើម្បី​ចរចា​ព្រោះ​ដំណើ​វា​ដល់ពេលនេះ វា​មិនអាច​ដូច​កាលពី​ថ្ងៃទី​១៥ ១៦ ប៉ុន្មាន​ថ្ងៃមុន​ទេ​។ ថ្ងៃនេះ​ខុសគ្នា មុន​និយាយ​ចរចា ត្រូវតែទៅ​ចូល​ស្បថ​សិន ហើយ​ទ្វារ​ព្រះបរមរាជវាំង​ចំហ​ជានិច្ច ដើម្បី​រង់ចាំ​អ្នក​ចូលទៅ​ស្បថ ម្នាក់ ពីរ​នាក់ ឬ​ទាំង​៥៥​នាក់​ចូលទៅ​ស្បថ ប៉ុន្តែ​មិនមែន​៦៣​នាក់​ទេ​។ សូម​ប្រាប់​ឲ្យ​ច្បាស់​៦៣​នាក់​គឺ​ខុស​ហើយ​។ ចំណុច​ទី​២ ទាក់ទង​នឹង​ការសុំ យើង​នៅតែ​រក្សា​គោលជំហរ​ផ្តល់​ឲ្យ​គណបក្ស នៅក្នុង​សភា​។ ​មាន​តំណែង​ពេលនោះ​ខ្ញុំ​បានប្រកាស​ផ្តល់​ឲ្យ​ផ្តល់ជូន​ប្រធាន​គណៈកម្មការ អនុប្រធាន​ម្នាក់ រើស​ទៅ​ទី​១​ឬ​ទី​២ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​គេ​រើសយក​ទី​១​។ ប៉ុន្តែ​គេ​មិន​ចង់បាន​អនុប្រធាន​សភា​ឯណា គេ​ចង់បាន​ប្រធានសភា ដែល​យើង​មិន​ឲ្យ​ទៅបាន​។ ទី​២ យើង​ឲ្យ​ប្រធាន​គណៈកម្មការ​៤ និង​អនុប្រធាន​គណៈកម្មការ​៥ យើង​រក្សា​ជំហ​ដដែល យើង​នឹង​ផ្តល់ជូន​។ ប៉ុន្តែ​វា​លំបាក​បន្តិច ជា​នយោបាយ​យើង​ជូន​ហើយ ខ្ញុំ​នៅតែ​រក្សា​ជំហ​ហ្នឹង​ដដែល ប៉ុន្តែ​ត្រូវ​ឆ្លង​ការបោះឆ្នោត មិនមែន​ដូច​ការបោះឆ្នោត​ដូច​ព្រឹក​មិញ​ទេ​។ ​ការបោះឆ្នោត​ត្រូវធ្វើ​ដាច់ដោយឡែក​ពីគ្នា​។ ចឹ​ង​ទេ​ខ្ញុំ​កំពុង​បារម្ភ​ថា ខ្ញុំ​មាន​សមត្ថភាព​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន បោះឆ្នោត​ជូន​ពួកគាត់​ឬ​អត់​។ ចំណុច​វា​នៅ​កន្លែង​នេះឯង​។ សន្លឹកឆ្នោត​នៅក្នុង​សមា​ជិ​សភា​ម្នាក់ ចឹ​ង​ទេ​បញ្ហា​នេះ​ជា​បញ្ហា​ដែល​ពួកគេ​ត្រូវ​គិត ប៉ុន្តែ​យ៉ាងណាក៏ដោយ​យើង​ចង់​មានការ​សម្របសម្រួល យើង​ចង់​ឲ្យ​គេ​ចូលប្រជុំ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​អំបាញ់មិញ តាមដាន​នៅ​ខាងក្រៅ តើ​ឲ្យ​ពួក​គណបក្ស​ដែល​នៅទីនេះ នៅក្រោម​ដំបូល​សភា​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​ថា​ត្រូវ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ រត់​ទៅ​ខេត្ត​ប្រជុំ​នៅ​ខេត្ត​បាន​ឬទេ​? ខ្ញុំ​មិនអាច​ធ្វើ​បានទេ ត្រូវ​យាង​ព្រះមហាក្សត្រ​ចេញ ទៅកាន់​កន្លែង​ផ្សេង​តាម​សំឡេង​ភាគតិច​ទេ ទាំង​មហាក្សត្រ ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋសភា ទាំង​ស្ថាប័ន​ទាំងអស់ មិនមែនជា​ចំណាប់ខ្មាំង​របស់​សំឡេង​ភាគតិច​ទេ​៕​



ប្រភព៖CEN

ខ្លឹមសារទាំងស្រុង នៃសម្ភាសន៍ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកកាសែត