Tuesday, September 17, 2013

ប្រភព៖ដើមអំពិល

ភំ្នពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៣ នៅបន្ទប់ជួលមួយ ស្ថិតនៅក្បែរផ្សារសារឿនយ៉ានី ភូមិតាឡី សង្កាត់-ខណ្ឌដង្កោ ដោយស្ត្រីជាម្ចាស់ផ្ទះបានប្រទះឃើញបុរសម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ជួលតែម្នាក់ឯង មិនដឹងមូលហេតុ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលដង្កោបានប្រាប់ឲ្យដឹងថា សពមានឈ្មោះសោម សឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាមន្ត្រីនគរបាល អង្គភាពការពារគោលដៅ៣ ស្ពានជ្រោយចង្វា នៃនាយកដ្ឋានអន្តរាគមន៍ អគ្គ ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មានស្រុកកំណើត នៅភូមិព្រៃដើមស្នឹង ឃុំព្រៃដើមស្នឹង ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ក្រៅពីនេះជនរងគ្រោះ មានមុខរបរ ជាជាងកាត់ដេរ សម្លៀកបំពាក់ដោយជួលបន្ទប់នៅក្បែរផ្សារសារឿនយ៉ានី ភូមិតាឡីនេះ ។
ដោយឡែកស្ត្រីជាម្ចាស់ផ្ទះជួល បានប្រាប់ឲ្យដឹងដែរថា មុនពេលកើតមានការភ្ញាក់ផ្អើល រូបគាត់បានឆ្ងល់ ថា ចុះហេតុអី្វបានជាជាងកាត់ដេរស្មើណេះហើយ ក៏មិនទាន់ភ្ញាក់ពីដំណេក ព្រោះសព្វដងជាងដេរនេះ តែងតែងើបពីព្រលឹម ។ ប៉ុន្តែដល់នៅព្រឹកកើតហេតុនេះ រូបគាត់ឆ្ងល់ក៏ដើរ ទៅមើលហើយគោះទ្វារគ្រាំងៗ នៅតែមិនដឹងខ្លួនទៀត ។ ស្ត្រីម្ចាស់ផ្ទះដដែលបន្តថា ក្រោយមករូបគាត់ក៏ឲ្យកូនចៅគាត់ឆ្កឹះទ្វារក្រោយ ពេលឆ្កឹះទ្វាររបើកហើយ ក៏ចូលទៅឃើញជនរងគ្រោះដេកផ្ងាដៃផ្ងាជើង ពេលដាស់ជនរងគ្រោះ អត់ដឹងខ្លួន ទៀត សាច់ជនរងគ្រោះ ត្រជាក់ល្ហឹមរូបគាត់ក៏និយាយថា ស្លាប់បាត់ហើយ បន្ទាប់មករូបគាត់ក៏ទូរស័ព្ទទៅ នគរបាលប៉ុស្តិ៍ឲ្យចុះមកពិនិត្យ ។
ស្ត្រីម្ចាស់ផ្ទះដដែលបញ្ជាក់បន្ថែមថា កាលពីយប់មុនពេលកើតហេតុរូបគាត់បានឃើញ ជនរងគ្រោះអង្គុយ ដេរខោអាវរហូតដល់យប់ជ្រៅគ្រាន់បើដែរ ប្រហែងម៉ោងជាង៩យប់ បន្ទាប់ មកក៏ឃើញជនរងគ្រោះបិទ ទ្វារបន្ទប់ក្រាលកន្ទេលដេកដូចសព្វដង ហើយតាំងពីជនរងគ្រោះ មកជួលបន្ទប់របស់គាត់ជាង ១ខែមកនេះ មិនដែលឃើញជនរងគ្រោះ ចេះផឹកស៊ីម្តងណាទេ ។ នៅពេលគាត់ធ្វើការរួច គាត់ហូបបាយ រួចបិទទ្វារ សម្រាកបាត់ហើយ បុរសជនរងគ្រោះនេះគាត់ ស្លូតណាស់ហើយគាត់រស់នៅតែម្នាក់ឯងគត់ មិនទាន់មាន ប្រពន្ធនៅឡើយទេ។ ស្រាប់តែនៅ ព្រឹកថ្ងៃកើតហេតុនេះ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់បែបនេះ បង្កការភ្ញាក់ផ្អើល ហើយក៏មិនដឹងថា មូលហេតុអ្វីដែរ ។
សមត្ថកិច្ចជំនាញ ធ្វើកោសល្យវិចយ បានអះអាងថា ជនរងគ្រោះមានស្នាមរលាត់ខាងក្រោយបន្តិច ជនរង គ្រោះអាចវិលមុខ រួចដួលដោយសារគាត់ខ្យល់គផងដែរ។ សមត្ថកិច្ចបន្តថា ក្រោយធ្វើកោសល្យវិច័យ ហើយ យើងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


នគរបាលម្នាក់ ស្លាប់នៅក្នុង​ បន្ទប់ជួល ដោយមិនដឹង មូលហេតុ