ហាណូយ៖ គេហទំព័រវៀតណាម (បាវម័រ) ចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ថា ក្រុមអ្នកជំនាញការមកពី ក្រសួងសុខាភិបាលវៀតណាម បានអះអាងថា ជំងឺឆ្កែឆ្កួត នឹងផ្ទុះឡើងខ្លំាំង នៅពេលដែលមិនបានចាត់វិធានការ ការពារទេនោះ ។
យោងតាមក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ជំងឺឆ្កែឆ្កួត (rabies) នឹងរីកសាយភាយកាន់តែខ្លាំងឡើងៗ ដោយឆ្លងមកពីតំបន់ ស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន ពលរដ្ឋវៀតណាមជាង ៣០០នាក់ ត្រូវបានសត្វឆ្កែ និងឆ្មា ដែលមានផ្ទុកវីរុសជំងឺឆ្កែឆ្កួតខាំ ស្ថិតស្រុក សុកស៊ុន ភាគខាងជើងប្រទេសវៀតណាម។ ដោយឡែក នៅឃុំ បាក់ ស៊ុន ស្ថិតនៅក្នុងស្រុកខាងលើ មានពលរដ្ឋប្រមាណជិត ១០០០នាក់ត្រូវបានឆ្កែខាំ ។
ក្រុមគ្រូពេទ្យក្នុងស្រុក បានបង្កើតក្រុមអ្នកត្រួតពិនិត្យ ៤ក្រុម ដើម្បីតាមដានការឆ្លងរាលដាលនៃជំងឺនេះ ។ ទន្ទឹមនឹងនេះ បើយោងតាមលទ្ធផល ចេញពីមន្ទីរពិសោធន៍ជាតិ វៀតណាម បានឲ្យដឹងថា វត្ថុវិភាគចំនួន៤ ដែលពិនិត្យរកវីរុសឆ្កែឆ្កួត គឺមានផលជាវិជ្ជមានទាំងអស់ ពោលគឺមានវីរុសបង្កជំងឺឆ្កែឆ្កួត ។
ប៉ុន្តែទោះជាយ៉ាងណា ជនរងគ្រោះនៅក្នុងតំបន់ មិនទាន់ប្រាកដថា ពួកគាត់បានឆ្លងវីរុសឆ្កែឆ្កួត ចូលក្នុងខ្លួននៅឡើយទេ ៕