Friday, September 20, 2013

បាត់ដំបង ៖ ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​ពួកគេ​បាន​ជិះ ម៉ូតូ​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត ពេល​ដែល​រថយន្ត​បាន​បត់​ឆ្វេង​កាត់​ទទឹង​ផ្លូវ កាលពី​វេលា​ម៉ោង ១ និង​១៤​នាទី រសៀល​ទី​២០ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច ភូមិ​អូរ​ទ្រៀត ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ប៉ុន្តែ​ក្រោយមក​ទើប​ដឹង​ថា ជនរងគ្រោះ​ដែល ស្លាប់​ទាំងពីរ​នាក់​នោះ​គឺជា​ចោរលួច​ម៉ូតូ​សោះ​។​
តាម ​ការ​ផ្តល់​ព័ត៌មាន​ពី​លោក ឌឿ​ន សម្បត្តិ អធិការរង​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​បញ្ជាក់ ថា ដំបូង​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ដែល​មាន​ម៉ាក​ស្មាស់ V ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BL1460 បាន ​បើក​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​។លោក​អធិការរង​បាន​បន្ត​ថា លុះ ទៅដល់​ចំណុច​កើត​ហេតុ​ក៏​មាន​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​ប្រភេទ​បែន ពាក់​ស្លាក​លេខ​២​កណ្តាល 2A4242 ជា ​របស់​ដេប៉ូ​លក់​គ្រឿងសំណង់​នៅ​ស្រុក​មោង​ឬ​ស្សី យីហោ លី ជំនាញ​បាន​បត់​ឆ្វេង​កាត់ ពីមុខ​ទទឹង​ផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ទាំងពីរ​បុក​ទៅលើ​ទ្រុង​រថយន្ត​ពេញ​តែម្តង នឹង​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត ហេតុ​ទាំង​២​នាក់​។
នៅក្នុង​ខណៈនោះ​ដែរ​អ្នក​បើករថយន្ត​ក៏បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ឯ​ជន​រង គ្រោះ​ក្រោយពេល​សាច់​ញា​ត្តិ​មកដល់​ទើប​ដឹង​ឈ្មោះ​១. ឡាយ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២. ឈ្មោះ ​ហុង ឈឿន ហៅ​ក្តិ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទើប​ចេញពី​ពន្ធនាគារ ទាំង​២​នាក់​រស់នៅ​ភូមិ ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ក្នុង​ពេល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់ ឈ្មោះ​ហុង សុវណ្ណ អាយុ​៤៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ សុខ សុខា បាន​មក​អះអាង​ថា ជនរងគ្រោះ​ទាំង​២​នាក់​នោះ​គឺជា​ចោរ​ដែល​បាន​លួច​ម៉ូតូ​របស់​លោក​ដែល​បាន​ ទុកចោល​នៅមុខ​បន្ទប់​ជួល​ត្រង់​ចំណុច​ផ្សារ​មោង​ឬ​ស្សី​ថ្មី កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃ​ដដែល ខណៈ​ដែល​លោក​លេបថ្នាំ​ផ្តាសាយ ហើយ​ដេកលក់​មួយភាំង ហើយ​ចាក់សោ​ជាប់​នឹង​ម៉ូតូ បច្ចុប្បន្ន​ទាំង​រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​យក​មក​ រក្សាទុក​នៅ​អធិការដ្ឋាន ដោយឡែក​ចោរ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ហើយ​៕

គ្រោះ​ថ្នាក់​​ចរាចរ​ណ៏​​សា្ល​ប់​ម​នុស្ស​​ពីរ​​នាក់​​ក្រោយ​មក​ទើប​ដឹង​​ថា​​ជា​​ចោរ​