Saturday, September 21, 2013

ក្រចេះ ៖  កម្ពស់ទឹកទន្លេមេគង្គ ក្រចេះ រយៈពេលប៉ុន្មានថ្ងៃនេះ គំហុកឡើង ដោយសារអាកាសធាតុប្រែប្រួល និងអាប់អួរ ធ្វើឲ្យមានភ្លៀងធ្លាក់រលឹម ប៉ុន្មានថ្ងៃជាប់គ្នា បានបង្កឲ្យកម្ពស់ទឹក មានការកើនឡើងយ៉ាងខ្លាំង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ជួរដងទន្លេមេគង្គ ក្នុងនោះមានស្រុកមួយចំនួន ព្រែកប្រសព្វ ស្រុកឆ្លូង សំបូរ និងស្រុកចិត្របុរី បានរៀបចំលក្ខណៈត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារនូវរដូវទឹកជំនន់ ដែលកើតឡើងដោយសារទឹកភ្លៀងនេះ ហើយខ្លះបាន និងកំពុងជំលៀស សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព ។
ជំនន់ទឹកភ្លៀង បានធ្វើឲ្យទឹកទន្លេមេគង្គ មានការកើនឡើង បង្កឲ្យប៉ះពាល់ផលដំណាំ សន្ទូង និង ដំណាំរួមផ្សំមួយចំនួនទៀត ព្រមទាំងបានជន់លិច ផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តា ភូមិស្រុក និងផ្លូវស្ពានផងដែរ ។
ក្នុងនោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចេញសេចក្តីជូនដំណឹងភ្លាមៗ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ស្តីពីការផ្អាកធ្វើចរាចរណ៍ នូវរថយន្តធុនធំ ធ្វើដំណើរតាមផ្លូវជាតិលេខ ៧៣ ឆ្លូង -ក្រចេះ និងផ្លូវលេខ៣៧៧ ក្រចេះ-សំបូរ នៅក្នុងអំឡុងពេលទឹកជំនន់នេះ៕


ប្រភព​៖ដើមអំពិល

កម្ពស់​ទឹកទន្លេ​នៅខេត្ត​ក្រចេះ ឡើង​ឆាប់​រហ័ស ក្នុងខណៈ​ភ្លៀងបន្ត​ធ្លាក់​ជាប់ៗ​គ្នា