Wednesday, September 18, 2013

វត្ត​សំពៅ​ប្រាំ ស្ថិតនៅ​ទី​ខ្ពង់រាប នៅលើ​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត ដែល​សព្វថ្ងៃនេះ​បាន​ក្លាយជា​កន្លែង​ទេសចរ​ណ៏ សម្រាប់​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​មាន​ទេសភាព​ស្រស់ស្អាត ហើយ​អ្នកដំណើរ​អាច​ទៅ​កំសាន្ត​ទីនោះ តាមផ្លូវ​ជាតិ​លេខ ៣ ពី​ភ្នំពេញ ទៅ​ភ្នំ​បូកគោ មាន​ចម្ងាយ ១៨៩ គីឡូម៉ែត្រ តែបើ​គិតពី​ផ្លូវ​កំពត​-​វាលរិញ មាន​ចំនួន ៣២ គីឡូម៉ែត្រ​។​

​ពី​ដើម​ខ្ពង់រាប​បូកគោ ជា​កន្លែង​យក​ខ្យល់អាកាស​សម្រាប់​ជនជាតិ​អ៊ឺរ៉ុប ដែលជា​អាណាព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រ​ង់​ស្វា​-​បូ​ដ្វាំ​ង ជា​រេ​ស៊ី​ដង់​សុ​ប៉េ​រេ​យើ នៅ​ប្រទេស​កម្ពុជា បាន​ចាត់​កសាង ហើយ​សម្ពោធ​ផ្លូវការ​កាលពី​ឆ្នាំ​១៩២៥ ក្នុង​រជ្ជកាល ព្រះបាទ​ស៊ីសុវត្ថិ​។ កាលពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់ថា បារាំង​រៀបចំ​ធ្វើ​ជាទី​សំណាក់អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួកគេ ដូច្នេះ ព្រះមហាក្សត្រ​ខ្មែរ​យើង​ក៏​ព្រះអង្គ ទ្រង់​ព្រះ​តំរិះ​ដល់​ព្រះ​ពុទ្ធិ​សាសនា​ភ្លាម​ដែរ គឺ​ព្រះអង្គ​ទ្រង់​សាង​អារាម​មួយ ដែល​មានកូន​វិហារ​តូច​មួយ​នឹង​ចេតិយ​ឡើង​មួយ​។​

សំណង់​វត្ត​នេះ​តាំង​លើដី​ខ្ពស់ ជា​កំពូលភ្នំ​ដ៏​មាន​ផែន​ថ្ម​ធំៗ​នៅ​ពាសពេញ ចម្លែក​ជាងគេ គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​ទំហំ​បណ្តោយ ១០​ម៉ែត្រ និង​កំពស់ ១០​ម៉ែត្រ​។ ទ្រង់ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រ​ទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូចជា​ក្តោង​សំពៅ​ត្រដាង​។ ឃើញ​រូបភាព​នៃ​ផែន​ថ្ម​ទាំង​ប្រាំ​ផែន​នេះហើយ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុងបើក​ក្តោង និង​ការកសាង​ក៏ត្រូវ​ធ្វើ​នៅ ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នកផង​ទាំងពួង​ហៅ​ទីនេះ​តាម​សន្ម​ត់​ថា “​វត្ត​សំពៅ​ប្រាំ​”​។​




ប្រភព៖Techno2day

ប្រវត្តិ​វត្ត​សំពៅ​ប្រាំ នៅលើ​ភ្នំ​បូកគោ ខេត្តកំពត​