អាម៉េរិក ៖ ក្រុមអាកាសយានិក របស់ភ្នាក់ងារអវកាសណាសា ដែលបានធ្វើការពិនិត្យ និងសិក្សាអំពីព្រះច័ន្ទ សម្រាប់សញ្ញានៃផលប៉ះពាល់ អាកាសបាតុភូត បាននិយាយថា ពួកគេបានធ្វើការកំណត់ការផ្ទុះឡើង ដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត នៃកម្មវិធីពិសោធន៍ ដែលវាត្រូវបានកើតឡើងដោយ ការប៉ះទង្គិចគ្នារវាង អាចម៍ផ្កាយ និងព្រះច័ន្ទ។
ក្រុមអ្នកវិទ្យាសាស្រ្តដែលបានចំនាយពេលអស់ ៨ឆ្នាំសម្រាប់ការផ្ទុះឡើងមួយ ដែលត្រូវបាន ធ្វើឲ្យកើតឡើង ដោយការប៉ះទង្គិចគ្នា រវាងអាចម៍ផ្កាយ នឹងផ្ទៃខាងក្រៅរបស់ ព្រះច័ន្ទ ដែលបាតុភូតនេះអាចធ្វើឲ្យមនុស្សម្នា ទាំងអស់អាចមើលឃើញ ដោយភ្នែកទទេដោយពុំចាំបាច់ប្រើប្រាស់កែវយឺតឡើយ។
លោក Bill Cooke ដែលជាអ្នកស្រាវជ្រាវខាងផ្នែកអាកាសបាតុភូត នៃភ្នាក់ងារអវកាសណាសា បាននិយាយថាៈ "នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ អាចម៍ផ្កាយតូចមួយ បានទៅប៉ះជាមួយនឹង ផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ ដែលវាបានធ្វើ ឲ្យមានការផ្ទុះ ឡើងនៃពន្លឺ ដ៏ចិញ្ចាចចិញ្ចែង ដែលមិនធ្លាប់បានឃើញពីមុនមក។ "
គួរបញ្ជាក់ដែរថា អាចម៍ផ្កាយមានទំងន់ប្រហែល ៣៦.២៨ គីឡូក្រាម ព្រមទាំងមានផ្ទៃមុខកាត់ ប្រហែល ៩១ សង់ទីម៉ែត្រ ហើយវាបានឆ្ពោះទៅបុកជាមួយនឹង ព្រះច័ន្ទនៅក្នុងល្បឿន ៩០១២៣ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាបានបង្កើតជាការផ្ទុះឡើង ដ៏ធំបំផុតមួយនៅក្នុង ប្រវត្តិសាស្រ្ត៕



