ក្នុងសេចក្តីអំពាវនាវចុះថ្ងៃទី១៥ សីហា ក្រសួងព័ត៌មាន ក៏បានដាស់តឿនដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវរួមគ្នា ជៀសវាងការចុះផ្សាយព័ត៌មាន និងការចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ បំប៉ោង បំភិតបំភ័យ ញុះញង់ អុជអាល ប៉ុនប៉ងឲ្យមានអំពើហិង្សា និងការភ័យខ្លាចក្នុងសង្គម។
ក្រសួងព័ត៌មានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក គោរពវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដជៀសវៀងការញុះញង់អុជអាល ដែលបង្កការភ័យខ្លាងក្នុងសង្គម។
ក្នុងលិខិតចុះផ្សាយកាលយប់ពីថ្ងៃទី១៥ សីហា ដែលវិទ្យុបារាំងអន្តរជាតិទទួលបាន ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីរក្សានូវស្ថេរភាពសង្គម និងការពារនូវបាតុភាពដែលនាំដល់អំពើហិង្សានោះ គ្រប់ប្រព័ន្ធផ្សពផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដែលគេចង់សំដៅលើ ហ្វេសប៊ុក នោះ ត្រូវឈរលើភាពជាក់លាក់ត្រឹមត្រូវដោយផ្អែកតាមព័ត៌មានពិតជាក់ស្តែង ប្រកបដោយវិជ្ជាជីវៈ មិននឹងចុះផ្សាយព័ត៌មាន និងចែករំលែកបន្តក្នុងសង្គមហ្វេសប៊ុក។
ប្រការដែលព័ត៌មានទាំងអស់ឈរលើភាពជាក់លាក់ មិនបំភ្លើស នេះ ហើយដែលក្រសួងព័ត៌មានបានអះអាងថា នឹងចៀសវាងបាននូវការបំប៉ោង បំភិតបំភ័យ ញុះញង់អុជអាលប៉ុនប៉ងឱ្យមានអំពើហិង្សា និងការភ័យខ្លាចក្នុងសង្គម។ ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកដែលបច្ចុប្បន្ន បានក្លាយទៅជាឧបករណ៍ឃោសនានយោបាយ និង ឧបករណ័បំពងសម្លេងយ៉ាងមានសក្តានុពលក្នុងសង្គមខ្មែរដែលប្រជាពលរដ្ឋ ខ្មែរភាគច្រើនជាយុវជនជាអ្នកប្រប្រាស់។
នេះជាសេចក្តីអំពាវនាវលើកទី៣ហើយ ដែលចេញបន្តបន្ទាប់គ្នា ទាំងស្ថាបន្ថព្រះមហាក្សត្រ និងក្រសួងមហាផ្ទៃ ក្រោយប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ កក្កដាថ្មីៗនេះ។ គួររំលឹកថា កាលពីថ្ងៃទី៧ សីហាកន្លងទៅនេះ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ក៏បានអំពាវគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តពិភាក្សាដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ចំណែកឯក្រសួងមហាផ្ទៃវិញ ថែមទាំងបានព្រមានដល់លោក សម រង្ស៊ីប្រធានគណបក្សប្រឆាំង ឱ្យទទួលខុសត្រូវលើឧបទ្វហេតុប្រសិនបើគណបក្សមួយនេះ ហ៊ានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតមែននោះ។
គេនៅចាំបានថា ថ្ងៃទី២៨ កក្កដានោះហើយ ដែលកម្ពុជាបានចាប់ផ្តើមស្គាល់សារជាថ្មីនៅកំដៅតានតឹងផ្នែកនយោបាយ ដោយសារគណបក្សឈ្នះឆ្នោតក្នុងសភាទាំងពីរ មិនព្រម ចូលតុចរចារដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ និងការចល័តកម្លាំងប្រដាប់អាវុធ និងគ្រឿងសភាវុធធន់ធ្ងន់នៅទីក្រុងភ្នំពេញ។
យ៉ាងណាក៏ដោយ ការអំពាវនាវរបស់ក្រសួងព័ត៌មានឱ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមគោរពវិជ្ជាជីវ និងផ្អែកលើព័ត៌មានពិតប្រាកដនាពេលនេះ ជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់ និងអ្នកទទួលដំណឹងចេះថ្លឹងថ្លែងមុននឹងចែកចាយព័ត៌មានដោយផ្អែកលើ ស្មារតីផលប្រយោជន៍ជាតិជាធំ៕
------------------
ប្រភពពី នាវា