ភ្នំពេញៈ ក្រោយការលើកស្ទួយឡើងខ្ពស់កប់ពពកឲ្យក្លាយជាតួឯក ក្នុងខ្សែរឿងភាគនិងដុំ៣រឿងជាប់ៗគ្នានោះ តារាសម្តែងស្រស់បវរនាង មាន សូនីតា ក៏បានក្លាយខ្លួនជាតារាសម្តែងស្រីដែលស្និទ្ធបំផុតជាមួយនឹងអ្នក ដឹកនាំរឿងម្ចាស់ពានអាណាចក្រតារាឆ្នាំ២០១៣ អ្នកស្រី ពាន់ ភួងបុប្ផា ហើយភាពជិតដិតប្រៀបបានសាច់ញាតិរបស់អ្នកទាំងពីរនេះ ស្របពេលដែលភាពជាប្តីប្រពន្ធរវាងកូនប្រុសរបស់អ្នកស្រី ពាន់ ភួងបុប្ផា និងតារាសម្តែងស្រីនាង សោម ម៉ាល័ក្ខ បែកបាក់គ្នា។ ហេតុផលនេះនាំឲ្យមាន សូនីតា ត្រូវស្ថិតនៅក្នុងការសង្ស័យថា នាងជាជនទី៣ នៃការបែកបាក់ស្នេហ៍របស់សោម ម៉ាល័ក្ខ។
យ៉ាងណាមិញការលើកឡើងពីហេតុផលនេះត្រូវបានតារាសម្តែងទើបឡើង កូដ នាង មាន សូនីតា ធ្វើការបដិសេធភ្លាមថា នាងមិនមែនជាមនុស្សទី៣ ចូលខ្លួនបំបែកស្នេហ៍របស់ សោម ម៉ាល័ក្ខ និងកូនអ្នកស្រី ពាន់ ភួងបុប្ផា គឺលោក ទូច ភួងវីរៈ ទេ។
តារាសម្តែងដែលវេចបង្វេចពីស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម មកស្វែងរកអនាគតក្នុងសង្គមសិល្បៈតាមរយៈការប្រឡងហ្វ្រេស៊ីឆ្នាំ ២០០៩ ជំនាន់ទី៨ នាង មាន សូនីតា បានឲ្យដឹងថា ថ្វីដ្បិតតែរូបនាងបានចូលកៀកនៅក្នុងទំនាក់ទំនងនៃគ្រួសារអ្នកស្រី ពាន់ ភួងបុប្ផា តែនាងមិនបានដឹងឮពីការបែកបាក់ស្នេហាក្រោមដំបូលអាពាហ៍ពិពាហ៍របស់ លោកទូច ភួងវីរៈ និង នាង សោម ម៉ាល័ក្ខ នោះទេ ហើយនាងក៏មិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរហើយនាងក៏ មិនចង់និយាយបកស្រាយច្រើនដែរ ព្រោះខ្លាចមានការប៉ះពាល់ដល់ក្រុមគ្រួសារអ្នកស្រី ពាន់ ភួងបុប្ផា ពោលគឺនិយាយច្រើនខុសច្រើន។
តារាសម្តែងស្រីវ័យ២៤ឆ្នាំរូបនេះនិយាយថា៖«បើនិយាយពីរឿងនោះ (ការបែកបាក់ វីរៈ និងម៉ាល័ក្ខ) គេចេះតែចោទប្រកាន់ខ្ញុំតែប៉ុណ្ណោះ ហើយអ្នកដែលមិនបានដឹងរឿងនេះច្បាស់ ធ្វើឲ្យរឿងកាន់តែរីកធំ។ និយាយទៅ ខ្ញុំ និងម៉ាល័ក្ខ ក៏ជាអ្នករាប់អានគ្នាដែរ ខ្ញុំមិនទៅលូកលាន់អ្វីនៅក្នុងរឿងរ៉ាវរបស់គេនោះទេ។ ពួកខ្ញុំបានបកស្រាយអស់ហើយ ម៉ាល័ក្ខ ក៏បានបកស្រាយ ទាំងខ្ញុំ ម៉ាល័ក្ខ និងអ៊ំបុប្ផា សុទ្ធតែបានដឹងច្បាស់ពីរឿងនេះ ហើយពួកគេក៏ដឹងច្បាស់ថា ខ្ញុំមិនជាប់ពាក់ព័ន្ធក្នុងរឿងពួកគេបែកគ្នាដែរ»។
ទស្សនិកជនរមែងបង្ហើបការចាប់អារម្មណ៍ថា តារាសម្តែងប្រសូតចេញពីហ្វ្រេស៊ីលេខ៤ ឆ្នាំ២០០៩រូបនេះ និងអ្នកស្រី ពាន់ ភួងបុប្ផា មានភាពស្និទ្ធស្នាលប្លែកប្រៀបបាននឹងគ្រួសារតែមួយ ហើយនៅពេលទៅណាមកណាតែងមានវត្តមានជាមួយគ្នាជានិច្ចដែលគេចាប់ អារម្មណ៍ថា មាន សូនីតា អាចនឹងដើរតាមគន្លងរបស់ នី មុល្លីកា និងសោម ម៉ាល័ក្ខ ។ ទោះបីមានការលើកឡើងយ៉ាងនេះក្តី ប៉ុន្តែតារាដែលកំពុងស្ទួចបានប្រជាប្រិយភាពមួយក្តាប់ធំនាង មានសូនីតា បានបញ្ជាក់ថា រវាងនាង និងអ្នកស្រី ពាន់ ភួងបុប្ផា មានទំនាក់ទំនងដូចគេឯងធម្មតា មិនមានអ្វីលើសពីនេះ ហួសក្លាយទៅជាកូនធម៌ ឬអ្វីនោះឡើយ។
ដោយឡែកអ្នកនិពន្ធ និងដឹកនាំការសម្តែងល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា មិនអាចទាក់ទងសុំការបកស្រាយបានទេកាលពីម្សិលមិញ៕